2023-07-28 13:03
353

ភ្នំពេញ៖ សកម្មភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានទទួលស្បោង “ឃ” និងកញ្ចប់ “ឃ ពិសេស” ព្រមទាំងសម្ភារ ឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀតពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ហៅថា គធ.ខប នៅទីស្ដីការ គ .ជ.ប។ 

 គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប បានជម្រាបដល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ថា “គ.ជ.ប នឹងធ្វើការទទួលស្បៀង "ឃ" និងកញ្ចប់ "ឃ ពិសេស" ព្រមទាំងសម្ភារ ឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀតពីគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ រាជធានី ខេត្ត ចាប់ពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ២០២៣”។ 

 គ.ជ.ប បានឲ្យដឹងទៀតថា បន្ទាប់ពីបានទទួលសម្ភារ និងឯកសារបោះឆ្នោតខាងលើ គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្ត នីមួយៗ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះតទៅ ចាប់ពីវេលាម៉ោង ៨និង៣០នាទីព្រឹក នៅទីស្តី ការ គ.ជ.ប។ 

 សេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញតំណាងគណបក្សនយោបាយដែលឈរឈ្មោះ បោះឆ្នោត អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមសង្កេតមើល និងយកព័ត៌មានកុំបីខាន។ 

 សូមបញ្ចាក់ថា គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ តទៅ៕