2023-07-31 11:12
285


កំពងស្ពឺ៖ ជំនន់ទឹកភ្លៀង បានជន់លិច និងបង្កឲ្យកំណាត់ផ្លូវជាតិលេខ៤៣ និងផ្លូវខេត្តលេខ១៣២ រងការខួចខាត ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ការធ្វើចរាចរណ៍ត្រូវផ្អាកជាបណ្តោះអាសន្ន រងចាំទឹកស្រកទើបធ្វើការជួសជុលឡើងវិញ។


   នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារជំនាញ នៃមន្ទីរធនធានទឹក និងឧតុនិយម ,មន្ទីរសាធារណការ និងដឹកជញ្ជូន ,មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទន ព្រមទាំងអាជ្ញាធរដែនដីជាច្រើនរូបទៀតបានដឹកនាំចុះពិនិត្យមើលស្ថានភាពផ្លូវក្នុងទំនប់មួយចំនួនដែលជនលិចដោយជំនាន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺរយៈពេលពីរថ្ងៃជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ 
   ក្នុងនោះអាជ្ញាធរបានផ្អាកការធ្វើដំណើរនៅលើផ្លូវមួយចំនួន នៅតាមបណ្ដោយខ្នងទំនប់សំខាន់ៗ ក្នុងនោះមានទំនប់អូរកូនក្រុំ ស្ថិតនៅក្នុងឃុំត្រែងត្រយឹង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះក៏បានផ្អាកការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិច្រកព្រាលភូមិអូរត្រុំ ដោយភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបណ្ដាលឱ្យមានការហូរដាច់ច្រោះ និងមិនអាចធ្វើដំណើរបាន។ 
   ក្នុងនោះអាជ្ញាធរបានគិតគូរពីសុខទុក្ខ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបញ្ជៀសតាមផ្លូវផ្សេងៗទៀត។ ហើយបានផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៤៣និងផ្លូវខេត្តលេខ១៣២ បន្ទាប់ពីមានការវាយប្រហារដោយជំនន់ទឹកភ្លៀងដាច់ជាច្រើនកន្លែង កាលពីម្សិលមិញនេះផងដែរ។ 
   អាជ្ញាធរបានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានហក់ឡើងយ៉ាងគំហុកនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បណ្តាលឱ្យតំបន់ និងភូមិមួយចំនួនក្នុងស្រុកភ្នំស្រួច បានរងការជន់លិច ដោយជំនន់ទឹកភ្លៀង និងបណ្តាលឲ្យខូចហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើនកន្លែង។ ក្នុងនោះមានផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ផ្លូវជាតិលេខ៤៣ ស្ថិតនៅឃុំត្រែងត្រយឹង និងផ្លូវខេត្តលេខ១៣២ ក្រាំងមេត្រី ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 
   លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ភ្លៀងបានបង្អុលធ្លាក់២-៣ថ្ងៃកន្លងមកនេះ បានធ្វើឱ្យកំណាត់ផ្លូវជាច្រើនខ្សែ ត្រូវបានរងការខូចខាត និងកាត់ផ្តាច់ តែនៅមិនទាន់អាចកំណត់ពីនៃការខូចខាតនៅឡើយទេ ដោយពេលនេះមន្ត្រីជំនាញកំពុងចុះពិនិត្យ និងស្រង់ស្ថិតិជាក់ស្តែង។ 
   គួរបញ្ជា់ក់ផងដែរ អ្នកដែលធ្វេីដំណេីរតាមផ្លូវជាតិលេខ៤៣ និងផ្លូវខេត្តលេខ១៣២ស្ថិតក្នុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាពេលនេះ មិនអាចធ្វើដំណើរតាមរថយន្តបានទេព្រោះផ្លូវកំពុងត្រូវបានទឹកហូរកាត់ និងដាច់ជាអន្លើៗ មួយវិញទៀតដើម្បីជៀសពីគ្រោះថ្នាក់ជាយថាហេតុផងដែរ៕