កំពង់ធំ: នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗប្រចាំសប្តាហ៍ និងផ្សព្វផ្សាយខ្លឹមសារការងារអប់រំចិត្តសាស្ត្រ ព្រមទាំងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងយោធិនចំណុះទីបញ្ជាការ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលព្រះរាជាណាចក្រកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ហើយត្រូវបានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានអញ្ជើញទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ រហូតដល់ទៅចំនួន៨៤.៥៩ភាគរយ ប្រកបដោយសុខសុវត្ថិភាព មានសណ្ដាប់ធ្នាប់ល្អ ប្រសើរ សេរី យុត្តិធម៌ ក្នុងបរិយាកាសរីករាយ និងមោទនភាពជាតិខ្មែរ ។
ឆ្លើយតបនិងចំណុចខាងលើនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះយោធិនទាំងអស់ដែលបាន រួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានសហប្រតិបត្តិការយ៉ាងល្អប្រសើរក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនដល់គណបក្សនយោបាយនានាដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត និងប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោត ទទួលបានជោគជ័យគួរជាទីមោទនៈ ។ ហើយជាមួយនោះផងដែរ យោធិននិងក្រុមគ្រួសារយោធិនទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អអញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា ។
ក្នុងនាមមេបញ្ជាការ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរងនិងពលទាហានទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង សារសម្លេងនយោបាយពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដោយបានបញ្ជាក់យ៉ាងច្បាស់ពីការចូលកាន់តំណែងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះតទៅ។