2023-08-02 15:55
238


ប្រទេសជប៉ុន៖ ថ្ងៃអង្គារ ១៥ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ គណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត រស់ វណ្ណា រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំរួមលើកទី៣ ក្នុងភាពជាដៃគូលើការគ្រប់គ្រងទឹកកខ្វក់ក្នុងប្រទេសអាស៊ី (The 3rd General Meeting of Asia Wastewater Management Partnership, AWaP)  និងសិក្ខាសាលាបច្ចេកទេសលើកទី៤ (The 4th AWaP Technical Seminar) នៅទីក្រុងសាប៉ូរ៉ូ នៃប្រទេសជប៉ុន។

   កិច្ចប្រជុំនេះមានការចូលរួមពីប្រទេសជាសមាជិកនៃ AWaP ដែលរួមមាន ប្រទេសជប៉ុន កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសវៀតណាម លើកលែងតែប្រទេសភូមា អវត្តមាន។ 
   កិច្ចប្រជុំនេះផ្ដោតលើរបៀបវារៈសំខាន់ៗរួមមាន៖ បទបង្ហាញវឌ្ឈនភាព របាយការណ៍សកម្មភាពប្រទេសជាសមាជិកអេវ៉ាប់ (AWaP) ឆ្នាំ២០១៨-២០២២ និងការពិភាក្សា សេចក្តីព្រាងផែនការសកម្មភាពឆ្នាំ ២០២៣-២០៣ ការចែករំលែកបច្ចេកទេស និងបច្ចេកវិទ្យាប្រទេសជប៉ុនលើការគ្រប់គ្រងទឹកកខ្វក់ និងការពារជំនន់ទីក្រុង និងការណែនាំឱ្យស្គាល់បណ្ដាញជាមួយបណ្តាក្រុមហ៊ុនជប៉ុនមួយចំនួនដែលមានជំនាញបទពិសោធន៍លើការងារប្រព័ន្ធទឹកកខ្វក ព្រមទាំងការរទស្សនកិច្ចស្តង់ពិព័រណ៍ទាក់ទងនឹងការគ្រប់គ្រងទឹកកខ្វក់ផងដែរ។
   សូមបញ្ជាក់ថា៖ អេវ៉ាប់ AWaP (The Asia Wastewater Management Partnership) បានបង្កើតឡើងក្នុងឆ្នាំ២០១៨ នៅទីក្រុងយ៉ាងហ្គូន ប្រទេសភូមា ដែលមានប្រទេសចំនួន៦ជាសមាជិក ក្នុងនោះរួមមាន៖ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ភូមា វៀតណាម និងជប៉ុន។ អេវ៉ាប់ (AWaP) បង្កើតឡើងក្នុងគោលដៅកាត់បន្ថយបរិមាណទឹកកខ្វក់បញ្ចេញចោលមិនបានច្រោះសម្អាត ឬ មិនបានធ្វើប្រព្រឹត្តកម្មឱ្យបាន ៥០% មុនឆ្នាំ២០៣០ ដែលជាគោលដៅមួយដូចគ្នាទៅនឹងគោលដៅចំណុចទី៦.៣ របស់គោលដៅអភិវឌ្ឍន៍
ប្រកបដោយចីរភាពឆ្នាំ២០៣០ (SDG 6.3) របស់អង្គការសហប្រជាជាតិ (United Nation) ផងដែរ។ កម្ពុជាត្រូវបានអង្គប្រជុំសម្រេចជ្រើសរើសជាប្រទេសសម្រាប់រៀបចំកិច្ចប្រជុំរួមលើកទី៤ អេវ៉ាប់ (AWaP) ឆ្នាំ២០២៥៕