(ពោធិ៍សាត់)៖ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំបូកសរុបបទពិសោធន៍ការងារសង្កេតការណ៍ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងស្វែងរកការគាំទ្រ ក្រោមអធិបតីភាពលោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកាប្រតិបត្តិថ្នាក់កណ្តាល និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស នៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងដោយមានលោកស្រី បណ្តាញនៅតាមបណ្តាមន្ទីរ ប្រធាន អនុប្រធានសាខាស្រុក ក្រុង ចំនួន៦០នាក់ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន។
លោកស្រី ឈឹម ស៊ីណា សមាជិក ក្រុមប្រឹក្សាខេត្តនិងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាខេត្តពោធិ៍សាត់ បានលើកឡើងថា នាឱកាសដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ទើបតែបញ្ចប់នាពេលថ្មីៗនេះ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានបណ្តុះបណ្តាលអ្នកសង្កេតការណ៍របស់សមាគមនារីទាំង៧ស្រុក ក្រុង មានចំនួន៥៤៨នាក់ ទាំង៤៩ឃុំ សង្កាត់ និង៧៤៤ការិយាល័យបោះឆ្នោត។
ក្នុងពេលដំណើរការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ភ្នាក់ងារអ្នកសង្កេតការណ៍ របស់សមាគមនារីទូទាំងខេត្ត ក៏ដូចភ្នាក់ងារសង្កេតការមកពីបណ្តាអង្គការ និងស្ថាប័នផ្សេងៗទៀតបានអនុវត្តនូវសិទ្ធិ តួនាទី ភារកិច្ចក្រមសីលធម៌ និងប្រតិបត្តិទៅតាមបទបញ្ជា នីតិវិធី លិខិតបទដ្ឋានគតិយុត្តិនានា របស់គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតយ៉ាងខ្ជាប់ខ្ជួន និងត្រឹមត្រូវ។
បន្ទាប់ពីការចូលរួមនិងលើកឡើងអំពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានាពីសំណាក់បណ្តាញមន្ទីរនិងអនុសាខាស្រុក ក្រុង នោះរួចមក លោកស្រី អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយស និងលោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកាប្រតិបត្តិសមាកមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ថ្នាក់កណ្តាល បានសម្តែងការអបអរសាទរដល់បងប្អូននារីជាអ្នក សង្កេតការណ៍ដែលបានខិតខំអនុវត្ត និងបំពេញតួនាទីភារកិច្ចទទួលបានជោគជ័យ។ ជាការពិតណាស់ថា ភាពជោគជ័យវាពិតជាស្តែងចេញឡើងពីការខិតខំប្រឹងប្រែងយ៉ាងសកម្ម និងសស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំ ជាពិសេសពីសំណាក់បងប្អូននារីយើងគ្រប់ៗគ្នា ដែលបានពុះពារគ្រប់បែបយ៉ាងដោយពុំខ្លាចនឿយហត់ ដើម្បីជាតិមាតុភូមិ និងប្រជាជនយើងកាន់តែមានភាពសុខសាន្តរុងរឿងក្រោមម្លប់សន្តិភាពក្នុងសង្គម។
បើតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧កាលពីថ្ងៃទី២៣ ខែកក្កដា ខេត្តពោធិ៍សាត់ទទួលបានចំណាត់ថ្នាក់លេខ១ លើបណ្តារាជធានី ខេត្តទាំង២៥ទូទាំងប្រទេស នេះគឺជាកិត្តិយសដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ខេត្តយើង។
ដោយលោកស្រីទាំង២បានបញ្ជាក់ថា ខេត្តពោធិ៍សាត់មានការិយាល័យបោះឆ្នោតចំនួន៧៤៤ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៣០០,៣២៨នាក់ក្នុងនោះអ្នកបានទៅបោះឆ្នោតចំនួន២៦១,៩២៧នាក់ និងអ្នកមិនបានទៅបោះឆ្នោត៣៨,៤០១នាក់ ស្មើនឹង៨៧,២១% មាន១១គណបក្សនយោបាយ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ២៣១,៤៨៣សំឡេង។ លោកស្រីបានចាត់ទុកថា ប្រជាពលរដ្ឋខេត្តពោធិ៍សាត់មានការយល់ដឹងអំពីការតព្វកិច្ច និងមានស្មារតីបានទៅចូលរួមបោះឆ្នោតច្រើនគួរឲ្យកត់សម្គាល់។
ទោះជាយ៉ាងនេះក៏ដោយក៏នៅតាម បណ្តាស្រុក ក្រុង ឃុំ សង្កាត់មួយចំនួននៅមានចំណុចកង្វះខាត ដែលទាំងអស់នេះទាមទាឲ្យយើងទាំងអស់គ្នារកឲ្យឃើញអំពីចំណុចខ្វះខាតទាំងនោះ ដើម្បីជាបទពិសោធន៍សម្រាប់អនុវត្ត ពេលដំណើរការបោះឆ្នោតនាពេលក្រោយៗទៀត ធានាបាននូវភាពជោគជ័យ កាន់តែល្អប្រសើរបន្ថែមទៀត៕