កំពង់ស្ពឺ៖ រថយន្តកូរ៉េដឹកកម្មករ-កម្មការិនី ០១គ្រឿង បានរេចង្កូតក្រឡាប់ធ្លាក់ស្រែបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ និងស្រាលជាង ៣០នាក់។
ហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករខាងលើ កើតឡើងនៅព្រឹកថៃ្ងសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៥និង៥៨នាទី ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានរថយន្ដកូរ៉េ ០១គ្រឿង ម៉ាកហ៊ីយិនដាយ ពណ៌ស គ្មានស្លាកលេខ ចំណុះ 2.5តោន អ្នកបើកបរឈ្មោះ គា ទីណា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ដឹកកម្មករ-កម្មការិនី រោងចក្រ សរុបជាង ៧០នាក់ ធ្វេីដំណេីរមកពីទិសខាងជើងទៅត្បូងមកដល់ចំណុចផ្លូវកោងរថយន្ដបត់ទៅកើតបណ្ដាលឲ្យរេចង្កូតក្រឡាប់ធ្លាក់ស្រែតែម្តង។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង បានឲ្យដឹងថា អ្នករងរបួសក្នុងហេតុការណ៍នេះ មានជាង ៣០នាក់ ធ្ងន់-ស្រាល ខណៈពេលនេះសមត្ថកិច្ចនគរបាលបានកំពុងជួយសម្រួល និងសង្រ្គោះបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន-រដ្ឋ សង្រ្គោះបន្ទាន់៕