(កែប) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជំរុញផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣ដល់ឆ្នាំ២០៣៥ខាងមុខ ត្រូវបានរៀបចំពិធីផ្សព្វផ្សាយនៅព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៣នេះនៅសាលប្រជុំធំសាលាខេត្តកែបក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមទាំងឯកឧត្តមលោកជំទាវ ប្រតិភូអមដំណើរឯកឧត្តមរដ្ឋមន្ត្រីជាមួយសមាជិកដែលបានចូលរួមប្រមាណជាង ៣០០ នាក់។
ដែលរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត កែបឆ្នាំ២០២៣-២០៣៥ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ ផែនការមេនេះបានកំណត់ ចក្ខុវិស័យ ប្រែក្លាយ ខេត្តកែបជា “គោលដៅទេសចរណ៍ធម្មជាតិនិងសមុទ្រសម្រាក កម្សាន្តបែបប្រណិតកម្រិតខ្ពស់ ប្រកបដោយ សុវត្ថិភាព ភាពទាក់ទាញ និងឧត្តមភាពប្រកួតប្រជែងខ្ពស់លើឆាកអន្តរជាតិ ដោយឈរលើ ទស្សនាទាន នៃ ការអភិវឌ្ឍ ទេសចរណ៍ប្រកប ដោយគុណភាព សុវត្ថិភាព និរន្តរភាពនៃការគ្រប់គ្រងសង្គម បរិស្ថាន និង ធន ធានធម្មជាតិ បែបវៃឆ្លាត ដោយមានការចូលរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងភាព ជាដៃគូលើវាសនា តែមួយ។
ថ្លែងក្នុងពិធីនោះឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ផែនការមេនេះ ត្រូវបានរៀបចំឡើងដើម្បីប្រែក្លាយខេត្ដកែបជាគោលដៅទេសចរណ៍សម្រាកកម្សាន្ដប្រណិតកម្រិតខ្ពស់ ប្រកបដោយគុណភាព ភាពទាក់ទាញ ធានាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់ (Competitive Advantage) នៅក្នុងតំបន់ និងពិភពលោក។
ឯកឧត្តមបន្តថា ដោយផ្អែកលើសក្តានុពល និងភាពសម្បូណ៌បែប នៃធនធានធម្មជាតិ វប្បធម៌ និង ប្រវត្តិ សាស្រ្តរបស់ខេត្តកែប ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥ បានកំណត់ ចក្ខុវិស័យប្រែក្លាយខេត្តកែបជា គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ ដោយប្រកាន់យកគោលការណ៍នៃការអភិវឌ្ឍប្រកបដោយ ចីរភាព សុវត្ថិភាព គុណភាព ភាពប្រកួតប្រជែង និងទេសចរណ៍បែបឆ្លាតវៃ។
យ៉ាងណា ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា តួអង្គអនុវត្តន៍នឹងខិតខំយកផែនការនេះទៅអនុវត្តន៍អោយបាន ត្រឹមត្រូវ ដើម្បីធានាប្រសិទ្ធភាព និងចីរភាពខេត្តកែបទាំងមូល។
មានប្រសាសន៍ក្នុងពិធីនោះដែរឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ផែនការ មេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥ ពិតជាជួយជម្រុញ និងលើកទឹកចិត្តដល់ប្រតិបត្តិករក្នុងការការអនុវត្ត ប្រកបដោយប្រសិទ្ធិភាព។
ហើយផែនការនេះ ក៏ជាត្រីវិស័យដ៏មានសារៈសំខាន់ ដើម្បីប្រែក្លាយខេត្តកែប ជាគោលដៅទេសចរណ៍ សម្រាកកម្សាន្តប្រណិតកម្រិតខ្ពស់ ប្រកបដោយគុណភាព ភាពទាក់ទាញ និងធានាបាននូវឧត្តមភាពប្រកួត ប្រជែងខ្ពស់ ទាំងនៅក្នុងតំបន់ និងលើពិភពលោក ។
គួរបញ្ជាក់ថា ក្នុង ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥ ដែលទើបរាជរដ្ឋាភិបាល បានកំណត់មុំអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកែប ជា៤ប៉ូលសំខាន់ៗ រួមមាន ប៉ូលទេសចរណ៍ តំបន់ ទីក្រុងធម្មជាតិកែប ជា ទីក្រុងធម្មជាតិក្នុងឧទ្យានប្រណិតកម្រិតពិភពលោក” ប៉ូលទេសចរណ៍តំបន់អង្កោល ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិបែបទំនើប ប៉ូលទេសចរណ៍តំបន់ភ្នំវល្លិ៍ ជា តំបន់កសិទេសចរណ៍និងទេសចរណ៍ធម្មជាតិប្រវត្តិសាស្រ្ត និងប៉ូលទេសចរណ៍សមុទ្រនិងប្រជុំកោះ ជា តំបន់ទេសចរណ៍សមុទ្រកោះសម្រស់ធម្មជាតិដ៏ល្អប្រណិត។(សឹង រ៉ាត់)