2023-08-08 08:18
328


ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តដឹកដី បុកជាមួយម៉ូតូពីរគ្រឿង ខណៈមកដល់ផ្លូវបំបែកជា៣ មិនបង្អង់ល្បឿនបណ្ដាលរថយន្តបុកម៉ូតូនិងផ្លោងហោះពីលើស្ពានធ្លាក់ចូលទៅក្នុងប្រឡាយ កប់តៃកុងរថយន្តលិចទាំងរថយន្តនិងមនុស្ស បណ្ដាលឲ្យ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកអ្នកបើកម៉ូតូប្រុសស្រីបីនាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នា។
   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១០៤ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
កម្លាំងសមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណ ជនរងគ្រោះនិងតៃកុងរថយន្តនៅឡើយនោះទេ។
   តាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តដឹកដី មួយគ្រឿងពាក្យស្លាកលេខ ចង្កូតស្ដាំ KDL-1470 បើកបរតាមបណ្ដោយផ្លូវលេខ១០៤ ក្នុងទិសដៅពីលិចមួយកើត ខណៈពេលមកដល់ផ្លូវបំបែកជាបីស្រាប់តែមានម៉ូតូម៉ាកសង់ឌ្រីមពណ៌ខ្មៅ មួយគ្រឿងបើកបរតាម បណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងមកជើង បានឡើងមកលើផ្លូវលេខ១០៤ ខណៈនោះធ្វើឲ្យរថយន្តដឹកដីជាន់ហ្វ្រាំងមិនទាន់ ក៏បណ្តាលឲ្យបុក រួចបួងចង្កូតគេចជ្រុលទៅបុកជាមួយនឹងម៉ូតូនារីម្នាក់ទៀត រួចហោះពីលើស្ពានធ្លាក់ចូលប្រឡាយកប់ទាំង តៃកុងរថយន្ត រយៈពេលជិត២ម៉ោងទើបប្រជាពលរដ្ឋយករថយន្តស្ទូចជួយសង្គ្រោះបាន ប៉ុន្តែអកុសល តៃកុងរថយន្តត្រូវបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យដដែល។ ចំណែកជនរងគ្រោះប្រុសស្រីចំនួន ៣នាក់ដែលជាអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នា។
   ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ច ជំនាញចុះមកធ្វើការវាស់វែងយកទាំងរថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕