ខេត្តកំពង់ឆ្នាំង៖ លោក ហ៊ីង ភ័ពមិនា អភិបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់ឱ្យដឹងថាក្រុមក្មេងទំនើងដែលបង្ករអសន្តិសុខកាប់ចាក់គ្នានៅមុខគ្រឹះស្ថានហិរញ្ញវត្ថុបាសាក់ក្នុងសង្កាត់ ក្រុងកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី ០៥ឈានចូលថ្ងៃទី ០៦ ខែសីហាឆ្នាំ ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងនិងខេត្តកំពង់ឆ្នាំង ស្រាវជ្រាវឃាត់ខ្លួនបីនាក់ហើយ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ក្មេងទំនើងបីនាក់ក្នុងចំណោមបក្សពួកមួយក្រុមប្រមាណ ១០នាក់ ដែលកាប់ចាក់គ្នា កាលពីយប់ថ្ងៃទី០៥ ឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅចំណុចខាងលើ សមត្ថកិច្ចធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួននៅថ្ងៃទី០៧ ខែសីហា រួមមាន៖ ១- ឈ្មោះ មាន ជីវ័ន្ត អាយុ ១៦ឆ្នាំ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំព ង់ឆ្នាំង, ២ឈ្មោះ សំអុន សុវឌ្ឃនា អាយុ ១៦ឆ្នាំ នៅភូមិអណ្ដូងឬស្សី ឃុំស្រែថ្មីស្រុករលា ប្អៀរ , ៣.ឈ្មោះ កែវវាសនា អាយុ ១៦ឆ្នាំ នៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
ក្មេងទំនើងទាំងបីនាក់នេះ បានជាប់ពាក់ព័ន្ធករណីបង្ករការខូចខាតដោយចេតនា ដោយពួកគេបាននាំគ្នាកាប់ម៉ូតូយុវជនម្នាក់ទៀត បណ្តាលឱ្យរងការខូចខាត និងរងរបួសស្នាមផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង កសាងសំណុំ រឿងតាមនីតិវិធី ត្រៀមបញ្ជូនទៅកាន់តុលាការចំណាត់ការបន្ត៕