2023-08-11 10:32
224

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានទទួលជួបសមាជិកអធិការកិច្ចវៀតណាម លោក ប៊ូយ ង៉ុកឡាម អគ្គអធិការរង នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម ដើម្បីជំរុញវិស័យអធិការកិច្ចឱ្យកាន់តែមាន ប្រសិទ្ធភាពរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរជាងមុន ជំនួបនេះ នៅទីស្តីការក្រសួង ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។

 ថ្លែងក្នុឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអរគុណចំពោះគណៈប្រតិភូអធិការកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នាពេលនេះ ស្របពេលដែលកម្ពុជា ទើបតែបញ្ចប់នូវព្រឹត្តិការណ៍បោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជាបានទទួលបានការគាំទ្រយ៉ាងលើសលប់ ដោយទទួលបាន១២០អាសនៈ លើ១២៥ អាសនៈ នៅក្នុងរដ្ឋសភា។

 សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអបអរសារទរ នូវសមិទ្ធផល និងជោគជ័យដ៏ធំធេងរបស់រដ្ឋាភិបាលវៀតណាម ក្រោមការដឹកនាំរបស់បក្សកុំម្មុយនិស្តវៀតណាម ក្រោមការដឹកនាំរបស់លោក ង្វៀន ហ៊្វូចុង ដែលធ្វើឱ្យប្រទេសវៀតណាម មានការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងខ្លាំងក្លា ក្លាយជាប្រទេសឧស្សា ហ៍កម្មជឿនលឿន និងមានកិត្យានុភាពកាន់តែខ្ពស់នៅលើឆាកអន្តរជាតិ។

 នៅក្នុងជំនួបពិភាក្សានោះផងដែរ ភាគីទាំងពីរក៏បានជំរុញអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមអនុសារណៈយោគយល់រវាងស្ថាប័នយើងទាំងពីរ និងបន្តដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកលើការងារអធិការកិច្ច ការដោះស្រាយបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងការបង្ការទប់ស្កាត់អំពើ ពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនៃអំណាច សាធារណៈ សំដៅឈានទៅលុបបំបាត់នូវអំពើពុករលួយ។

 សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានលើកឡើងអំពីប្រវត្ដិសហប្រតិបត្ដិការរវាងស្ថាប័ន អធិការកិច្ចនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។ ស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរ បានចុះ MOU លើកទី១ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៥ លើកទី២ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១២លើកទី៣នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ និងលើកទី៣ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣៕