ក្រចេះ៖ ការសិក្សារបស់សិស្សានុសិស្ស វិទ្យាល័យព្រះមហាក្សត្រីយានី ព្រះកុសមៈ ត្រូវផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីកម្លាំងស៊ីម៉ាក់រុករកដោយប្រទះឃើញគ្រាន់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាប់រយគ្រប់កប់ក្នុងដីបរិវេនសាលា។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ គ្រាប់មិនទាន់ផ្ទុះរាប់រយគ្រាប់ ត្រូវបានប្រទះឃើញកប់ដីនៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ ខណៈពេលនេះមន្ដ្រីជំនាញស៉ីម៉ាក់ កំពុងធ្វើការរុករកបន្ថែមទៀត។
ដោយឡែកសិស្សានុសិស្សត្រូវបានផ្អាកការសិក្សាបណ្ដោះអាសន្ន រង់ចាំមន្ដ្រីជំនាញបញ្ចប់ប្រតិបត្តិការរុករក និងដោះយកចេញឲ្យអស់សិនដើម្បីការពារសុវត្ថិភាព។
លោកនាយកសាលា បានបញ្ជាក់ទៀតថា កម្លាំងសុីម៉ាក់ បានរាវរកប្រទះឃើញគ្រាប់ចំនួន ០៤ប្រភេទរួមមាន៖ M79 ចំនួន ២៥០គ្រាប់, DK75 ចំនួន ១៦គ្រាប់, ក្បាលផ្ទុះ M48, គ្រាប់ផ្លោង ចំនួន ១៧គ្រាប់, B40 ចំនួន ១ គ្រាប់ សរុបចំនួន ២៨៤គ្រាប់។
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងសុីម៉ាក់កំពុងរុករកបន្តប្រទះឃើញគ្រាប់ជាច្រើនទៀត ហើយបេសកម្មរុករក នៅមិនទាន់បញ្ចប់នៅឡើយទេ។
យោងតាមកម្លាំងក្រុមស្រាវជ្រាវគ្រាប់បែកចង្កោមលេខ០៥ ប្រចាំកងឯកភាពកំចាត់មុីនទី៥ បានអះអាងថា គ្រាប់ទាំងនេះ គឺគ្រាប់អាចផ្ទុះធ្វើឲ្យមនុស្សគ្រោះថ្នាក់ដល់ជីវិតបាន ហើយទីតាំងប្រទះឃើញគ្រាប់នេះដូចជារណ្ដៅគេកប់គ្រាប់កាលពីសម័យសង្រ្គាម។
សូមបញ្ជាក់ថា ប្រតិបត្តិការរុករកយកគ្រប់ចេញពីទីតាំងនោះ ប្រហែលជា២ថ្ងៃទៀតទើបបញ្ចប់៕