ក្រចេះ៖ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនបុគ្គល ចំនួន ០២រូប បានយកតួនាទីជាជំនួយការ និងទីប្រឹក្សាផ្ទាល់ប្រធានគណបក្សខ្មែរតែមួយ ដើរគៀងគរប្រជាពលរដ្ឋជាង ៣០០នាក់ ដោយសន្យារៀបចំឯកសារស្នើសុំចែកដីម្នាក់ ២ហិកតា ទៅ៥ហិកតា ដោយខុសច្បាប់។
តាមប្រភពព័ត៌មានច្បាស់ការណ៍ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានចាប់បុគ្គលតែងតាំងខ្លួនជាជំនួយការ និងទីប្រឹក្សាផ្ទាល់ប្រធានគណបក្សខ្មែរតែមួយ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅពាក់ព័ន្ធករណីឆបោក «សន្យា និងធនារត់ការចែកដីធ្លីជូនប្រជាពលរដ្ឋម្នាក់ ២ហិកតាទៅ៥ហិកតា ដោយខុសច្បាប់»។
សេចក្តីរាយការណ៍បានឲ្យដឹងថា បុគ្គលជាជនសង្ស័យទាំង ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ស៊ុន សាមេឃ ភេទប្រុស អាយុ ៥១ឆ្នាំ មានតួនាទីជាជំនួយការប្រធានគណបក្សខ្មែរតែមួយ មានទីលំនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងត្រែង ខេត្តកំពង់ធំ និងទី២- ឈ្មោះ លាម ចំរើន ភេទប្រុស អាយុ ៦១ឆ្នាំ អះអាងថា ខ្លួនជាតំណាងរាស្ត្រគណបក្សខ្មែរតែមួយ មានទីលំនៅភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
សូមរំឭកថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅផ្ទះរបស់ឈ្មោះ លាម ចំរើន ក្នុងភូមិសាមគ្គី ឃុំស្វាយ ជ្រះ ស្រុកស្នួល ខេត្តក្រចេះ ជនសង្ស័យទាំង ០២នាក់ បានធ្វើសកម្មភាពឆបោករត់ការចែកដីជូនប្រជាពលរដ្ឋ នៅចំណុចអូរនិមិត្ត ភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដោយគៀរគរប្រមូលប្រជាពលរដ្ឋឲ្យចុះឈ្មោះ ដើម្បីយកទៅរត់ការចែកដី ស្រុកស្នួល ខេត្តក្រចេះ ក្នុងមួយគ្រួសារពី ២ ហិកតាទៅ៥ហិកតា។
បន្ទាប់ពីទទួលមានអ្នកដើរគៀរគរប្រជាពលរដ្ឋបែបនេះ លោក គា ណុច អភិបាលរងស្រុកស្នួល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះពិនិត្យ និងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ ខាងលើដើម្បីសួរនាំ និងដកហូតបញ្ផីឈ្មោះប្រជាពលរដ្ឋ ចំនួន ៣១៩ច្បាប់, កាតគណបក្សចំនួន ០១សន្លឹក, អត្តសញ្ញាណប័ណ្ណ ចំនួន ០១សន្លឹក, សៀវភៅដាក់នាមប័ណ្ណ ចំនួន ០១ក្បាល, កាបូបដៃ ០១, លុយ ចំនួន ១៥ម៉ឺនរៀល, ទូរសព្ទ ០១គ្រឿង ម៉ាក ViVo, ហឹបដែកមានឯកសារ ចំនួន ២, កាតាបដាក់ឯកសារផ្សេងៗ ចំនួន ៣, សាក់កាដូដាក់ខោអាវ ៣ និងសំភារៈប្រើប្រាស់ផ្សេងៗទៀត ។
ជនសង្ស័យទាំង ០២នាក់ បានសារភាពថា «ពួកខ្លួនពិតជាបានធ្វើសកម្មភាពគៀរគរបាន ក្នុងខេត្តក្រចេះ ៨៨គ្រួសារ, ត្បូងឃ្មុំ ២០៦គ្រួសារ និងខេត្តផ្សេងៗទៀត សរុបចំនួន ៣១៩គ្រួសារ ដើម្បីចុះបញ្ផីឈ្មោះ ស្នើសុំទៅថ្នាក់ដឹកនាំចែកដី នៅចំណុច អូរនិមិត្ត ក្នុងភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារ ចំនួន ២ហិកតាទៅ ៥ហិចតាពិតប្រាកដមែន»។ ដោយឡែកថវិកាដែលប្រជាពលរដ្ឋផ្តល់ជូនឲ្យពួកគាត់ ចំនួន ១៥ម៉ឺនរៀល គឺឲ្យដោយស្ម័គ្រចិត្តពួកគាត់ទាំង២នាក់ពុំបានទាមទារនោះទេ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕