2023-08-14 17:53
354

 

ព្រៃវែង៖ សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងលើផ្លូវជាតិលេខ១ នៅខាងកើតស្ពានអ្នកលឿងបណ្តាលឲ្យមនុស្ស ចំនួន ០៥នាក់ បានស្លាប់ និងជាច្រើននាក់ទៀត រងរបួសធ្ងន់ កំពុងស្ថិតក្នុងការជួយសង្គ្រោះនៅមន្ទីរពេទ្យ។ 
    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះ បានកើតឡើង នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ ខាងកើតស្ពានអ្នកលឿង ក្បែរស្ថានីយ៍ប្រឹងឥន្ទនៈនPTT ស្ថិតក្នុងស្រុកពាមរក៌ ខេត្តព្រៃវែង។ 
    យោងតាមសេចក្តីរាយការណ៍បឋម គិតត្រឹមម៉ោង ៩និង៣០នាទី ថ្ងៃទី១៤ ខែសីហានេះ មានជនរងគ្រោះ ចំនួន ០៥នាក់បានស្លាប់ ក្នុងនោះមានទារកអាយុទើប ១ខួបម្នាក់ផងដែរ និងប្រមាណជិត ១០នាក់ទៀត កំពងុជួយសង្គ្រោះនៅមន្ទីរពេទ្យ។ 
     តាមសេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តហាយឡែនឌឺ មានដឹកមនុស្សប្រុស ស្រី ក្មេងចាស់ សរុបចំនួន ១១នាក់ ធ្វើដំណើរក្នុងទិសដៅពីទិសខាងលិចឆ្ពោះទៅកើតក្នុងល្បឿនលឿនបានជ្រុកបុកជាមួយរថយន្តធំដឹកផ្លែឈើនាំចូលមកពីប្រទេសវៀតណាមតាមច្រកព្រំដែនបាវិតក្នុងទិសដៅបញ្ច្រាស់គ្នាបណ្តាលឲ្យក្រឡាបផ្ងាជើងតែម្តង។ 
     ក្រោយពេលកើតហេតុភ្លាមៗមានជនរងគ្រោះ ចំនួន ០៤នាក់ស្លាប់នៅកន្លែង លុះព្រឹកឡើងមានអ្នករងរបួសធ្ងន់ស្លាប់ម្នាក់ទៀត ដូច្នេះអ្នកស្លាប់ក្នុងហេតុការណ៍សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតដល់ ចំនួន ០៥នាក់។ 
     បច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះសម្រួលចរាចរណ៍ និងធ្វើការវាស់វែង ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកំណត់ឲ្យច្បាស់លាស់ភាគីមួយណាបង្គភាគីណារងគ្រោះ ក្នុងការកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕