បន្ទាយមានជ័យ៖ ចំណតរថយន្ត ចំនួន ០២កន្លែង ក្នុងក្រុងសិរីសោភ័ណ ត្រូវបានលោក ឈៀង គិរីរ័ត្ន ថៅកែវិនិយោគប្រមូលភាស៊ី បានដាក់ពាក្យស្នើសុំបញ្ចប់សិទ្ធិកិច្ចសន្យាវិនិយោគមុនអាណត្តិ និងសុំប្រគល់ទីតាំងចំណតរថយន្តទាំង ០២នេះ ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យគ្រប់គ្រងវិញ។
ចំពោះការស្នើសុំបញ្ជប់កិច្ចសន្យាមុនអាណត្តិនេះ គឺត្រូវបានគេសន្និដ្ឋានបានថា «មកពីអាជីវកម្មវិនិយោគប្រមូលភាស៊ីរបស់លោក ឈៀង គិរីរ័ត្ន មានការខាតរាល់ខែក្នុងរយ:ពេលច្រើនឆ្នាំចុងក្រោយត្បិតម្ចាស់តូបលក់-ដូរ និងអ្នកបើកបររថយន្តដឹកជញ្ជូនអាជីវកម្មភាគច្រើនមិនព្រមបង់ថ្លៃភាស៊ីចំណតតាមសៀវភៅបន្ទុក»។
ក្រោយពីការប្រកាសស្នើសុំបញ្ចប់កុងត្រារបស់អ្នកវិនិយោគប្រមូលភាស៊ីចំណតរថយន្តទាំង ០២ កន្លែង ក្នុងរយៈពេល ០២ថ្ងៃកន្លងមកនេះ ថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ ២០២៣នេះ ក្រុមអាជីវករលក់-ដូរក្នុងចំណត និងអ្នករត់តាក់ស៊ីនាំគ្នាជ្រួលជ្រើមភ្ញាក់ផ្អើលខ្សឹបខ្សៀវគ្នា ព្រួយបារម្ភពីការបាត់បង់អាជីវកម្មរបស់ខ្លួនដែលធ្លាប់រកទទួលទានអស់ជាច្រើនឆ្នាំកន្លងមក បន្ទាប់ឃើញសកម្មភាពក្រុមកម្មករ និងជាងបានជីកបង្គោលព្រមទាំងផ្សាររបងដែកហ៊ុំព័ទ្ធទីតាំងបេនឡានទាំង ០២កន្លែងនេះ។
សូមជម្រាបថា ចំណតរថយន្តធំ ហៅថា បេនឡានថ្មី និងចំណតចាស់បន្សល់ទុកកាលពីសម័យអាណានិគមបារាំង ស្ថិតនៅចំណុច ជិតមាត់ស្ទឹងសិរីសោភ័ណ ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទួលសិទ្ធវិនិយោគដោយលោក ឈឿង គិរីរ៍ត្ន មានទីលំនៅផ្ទះលេខ៤៧A ផ្លូវ៤៥៤ ភូមិ២ សង្កាត់ទួលទំពូងទូ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងការសាងសង់ និងធ្វើអាជីវកម្មភាប្រមូលស៊ីចំណតរថយន្តតូចធំទាំងពីរនេះ ប៉ុន្តែដោយសារខាតបង់គ្មានលទ្ធភាពប្រមូលថវិកាបង់ចូលរដ្ឋ ទើបស្នើសុំបញ្ចប់កិច្ចសន្យាមុនអាណត្តិ និងប្រគល់សិទ្ធគ្រប់ជូនទៅអាជ្ញាធរខេត្តបន្ទាយមានជ័យវិញ។
ក្នុងលិខិតចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ របស់លោក ឈឿង គិរីរ៍ត្ន ថៅកែវិនិយោគចំណតរថយន្តទាំង ០២កន្លែង ក្នុងក្រុងសេរីសោភ័ណ ជម្រាបជូនបងប្អូនអាជីវករ អ្នករត់តាក់ស៊ីឲ្យបានជ្រាបថា «ក្រុមហ៊ុនបានស្នើសុំបញ្ចប់ការជួលតូប និងទីតាំងអាជីវកម្មក្នុងបរិវេណចំណតរថយន្តតូច ធំទាំងពីរក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ហេតុនេះ សូមបងប្អូនអាជីវករត្រូវរុះរើអាជីវកម្មរបស់ខ្លួនទាំងអស់ក្នុងរយ:ពេល ៥ទៅ៧ថ្ងៃ ជាកំណត់»។
យោងតាមលិខិតចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ គោរពអភិបាលខេត្តបន្ទាយមានជ័យក៏បានដាក់ពាក្យបញ្ចប់សិទ្ធិកិច្ចសន្យាវិនិយោគមុនអាណត្តិ និងសុំប្រគល់ទីតាំងចំណត់ទាំង២ ជូនសាលាខេត្តបន្ទាយមានជ័យគ្រប់គ្រងវិញ ដោយមានចំណាឯកភាពពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យផងដែរ។
ក្រោយពីផ្ទុះរឿងរ៉ាវនេះ ក្រុមអាជីវករ និងអ្នករត់តាក់ស៊ីបានព្យាយាមបញ្ចេញនូវលិខិតសេចក្តីជូនដំណឹងចាស់ (ស.ជ.ណ ) ចំនួន ០២សន្លឹក តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៦ នៅសាលាខេត្តបន្ទាយមានជ័យ ដោយសម្តេចបញ្ជាក់ថា «មិនមានការដោះដូរចំណតរថយន្តក្រុងសេរីសោភ័ណខេត្តបន្ទាយមានជ័យនោះឡើយ និងដោយរក្សាទុកចំណតរថយន្តដែលសល់ពីសម័យបារាំងមួយនេះឲ្យប្រជាពលរដ្ឋប្រកបមុខរបរជាបន្តទៀត»។
យោងតាមលិខិតលេខ ១៣៥៣ ស.ជ.ណ ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី, លិខិតលេខ៦២៧ ស.ជ.ណ ផល ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី, លិខិតលេខចុះថ្ងៃទី០២ ខែកក្តដា ឆ្នាំ ២០១៦ របស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងយោងចំណារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០១៦ ។
ពាក់ព័ន្ធករណីការដោះចំណតរថយន្តក្រុងសិរីសោភ័យ កន្លងមក ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតដោយបញ្ជាក់ថា «រាជរដ្ឋាភិបាលបានសម្រេចយល់ព្រមលុបចោលការដោះដូរទីតាំងចំណតរថយន្តក្នុងក្រុងសិរីសោភ័ណ យកទៅដាក់កន្លែងផ្សេងជាដាច់ខាត។ ទោះបីបេនឡាននេះដាច់អាណត្តិក៏ដោយប្រគល់ទៅឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ កាន់កាប់ក៏ដោយរក្សាបេនឡានចាស់ ថ្មីនេះទុកនៅដដែល»។
ក្រុមអាជីវករកំពុងប្រកបអាជីវកម្មលក់-ដូរ និងអ្នករត់តាក់ស៊ី ក្នុងបរិវេនចំណតរយន្តទាំង ២រាប់រយនាក់បានជ្រួលច្របល់យ៉ាងខ្លាំង និងបានអះអាងថា «ពួកគាត់ព្រមរុះរើចាកចេញដាច់ខាតព្រោះម្នាក់ៗលក់-ដូររកស៊ី និងអ្នករត់តាក់សុីជាង ៣០ឆ្នាំកន្លងមកហើយ»។
សូមបញ្ជាក់ថា ចំណតរថយន្ត ចំនួន ០២កន្លែង នៅចំកណ្តាលក្រុងសិរីសោភ័ណ ត្រូវបានធ្វើអាជីវកម្មភាស៊ីចំណតរថយន្តតូច ធំរយៈពេល ២០ឆ្នាំមកហើយ និងត្រូវបានបញ្ចប់នៅឆ្នាំ២០២៧ រួមមាន៖ ១- ចំណតរថយន្តក្រុង ឬចំណតថ្មី មានផ្ទៃដី៦.៥០០ម៉ែត្រការ៉េ និងទី២- ចំណតរថយន្តចាស់ មានផ្ទៃដីជាង ៧.២០០ម៉ែត្រការ៉េ ហើយត្រូវម្ចាស់អាជីវកម្មបញ្ចប់ការវិនិយោគមុនអាណត្តិ នៃកិច្ចសន្យា រួចប្រគល់ជូនសាលាខេត្តបន្ទាយមានជ័យគ្រប់គ្រងវិញ៕