(កំពត) នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងមុខតំណែង អគ្គនាយក និងក្រុមប្រឹក្សាភិបាល នៃរដ្ឋករទឹកកំពត អាណត្តិទី១។
មានមតិសំណេះសំណាលក្នុងពិធីនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើននៅទូទាំងប្រទេស មានលទ្ធភាពក្នុងការតបណ្តាញទឹកស្អាតប្រើប្រាស់ ប៉ុន្តែនៅមូលដ្ឋានខ្លះដោយសារកង្វះខាតជីវភាព ប្រជាពលរដ្ឋនៅមិនទាន់ទទួលបានទឹកស្អាតប្រើប្រាស់នៅឡើយទេ។
ជាក់ស្តែងកន្លងទៅ ទោះទុយោទឹកស្អាតត្រូវអូសឆ្លងកាត់មុខផ្ទះពលរដ្ឋក៏ដោយ ក៏ពួកគាត់គ្មានទឹកស្អាតប្រើប្រាស់ដែរ ព្រោះគ្មានលទ្ធភាពបង់ថ្លៃតភ្ជាប់បណ្តាញទឹកចូលផ្ទះ ដែលតម្រូវឱ្យបង់ប្រាក់ទាប់បំផុតចាប់ពី ២៩ម៉ឺន ទៅ ៦០ម៉ឺនរៀល ទៅតាមតម្រូវការប្រើប្រាស់ទឹក(តិច ឬច្រើន)។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងបានរៀបចំច្បាប់ស្តីអំពីមូលនិធិទឹកស្អាត ដើម្បីស្នើសុំការអនុមត្តិពីនាយករដ្ឋមន្ត្រីដើម្បីចេញអនុក្រឹត្យ ផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋ ដែលកាន់ប័ណ្ណសមធម៌សង្គម ដើម្បីទទួលបានការតបណ្តាញទឹកស្អាតប្រើប្រាស់។
យោងតាមអនុក្រឹត្យលេខ ៩៩៨ អនក្រតត ចុះនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣ បានតែងតាំង ឯកឧត្តម សុខ គឹមជឿន ជាអគ្គនាយករដ្ឋាករទឹកកំពត និងបានតែងតាំងក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកកំពត អាណត្តិទី១ ចំនួន៥រូប(ប្រធាន ១រូប និងសមាជិក៤រូប) ក្នុងនោះឯកឧត្តម អុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធាន ចំណែកឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ជាសមាជិកមួយរូបផងដែរ។(សឹង រ៉ាត់)