មណ្ឌលគិរី៖ ឯកឧត្តមបណ្ឌិត សាត សាឌី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងមុខតំណែងអគ្គនាយក និក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកមណ្ឌលគិរី អាណត្តិទី១ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក សាន់ ដារិទ្ធិ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត ឯកឧត្តម រដ្ឋលេខាធិកា អនុរដ្ឋលេខាធិកា និងប្រតិភូអមដំណើរនៃក្រសួងឧស្សាហកម្ម វិឡាសាស្ត្រ និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងមន្ទីរអង្គភាពជុំវិញខេត្ត ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត សាត សាឌី រដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ដើម្បីធានាបាននូវសុវត្ថិភាពទឹកស្អាត សម្រាប់ផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ គ្រប់វិស័យទាំងឯកជន និងរដ្ឋ ដែលទទួលស្ថាបនាគម្រោងនានា ក្នុងការកាប់កាយគាស់ដីតាមចិញ្ចើមផ្លូវ មានបង្កប់បំពង់បង្ហូរទឹក ត្រូវទំនាក់ទំនងជាមួយអង្គភាពរដ្ឋាករទឹកស្អាត ចៀសវាងបញ្ហាកាត់ផ្តាច់បំពង់បង្ហូរទឹកជាយថាហេតុ។ ឯកឧត្តមបណ្ឌិត សាត សាឌី បញ្ជាក់ថា មន្ទីរពាក់ព័ន្ធទាំងអស់ ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរអភិវឌ្ឍន៍ជនបទ ដែលបាននិងកំពុងទទួលអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ឬគម្រោងនានា ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត សូមឱ្យមានកិច្ចសហការជាមួយគ្នា មុននឹងចាប់ផ្តើមអនុវត្តគម្រោងទាំងនោះ ព្រោះបើយើងធ្វើឱ្យខូចខាតដល់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នោះភាគីដែលប្រឈមខ្លាំងដំបូងគេគឺប្រជាពលរដ្ឋ ដែលពួកគាត់នឹងអាចមិនបានទទួលទឹកស្អាតសម្រាប់ប្រើប្រាស់ ឬប្រើប្រាស់ទឹកដែលមានការលេចចូលនូវដី ឬសារធាតុ កខ្វក់ដែលជាប្រភពនៃមេរោគផ្សេងៗ នឹងអាចបង្កផលប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។ឯកឧត្តមបណ្ឌិត សាត សាឌី បន្តថា បន្ទាប់ពីក្លាយទៅជាសហគ្រាសសាធារណៈរួចហើយ ការចរចាថវិកា និងការរ៉ាប់រងកម្ចីនានាពីដៃគូអភិវឌ្ឍន៍ គឺរដ្ឋាករទឹកត្រូវមានភាពម្ចាស់ការដោយខ្លួនឯង ដោយមិនមានឆ្លងកាត់រដ្ឋបាលថ្នាក់ក្រោមជាតិ (រដ្ឋបាលខេត្ត មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត និងការិយាល័យទឹកស្អាត) ទៀតទេ ព្រោះរាល់ការស្នើសុំនានាត្រូវដាក់ឆ្លងក្រុមប្រឹក្សាភិបាល។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី រដ្ឋាកទឹកត្រូវតែផ្ដល់របាយការណ៍ជូនរដ្ឋបាលថ្នាក់ខេត្តផងដែរ ព្រោះអង្គភាពទាំងនេះ សុទ្ធតែជាអ្នកនៅផ្ទាល់ជាមួយប្រជាពលរដ្ឋដែលមានលទ្ធភាពទទួលបានព័ត៌មានអំពីទីតាំងដែលបានទទួលទឹកស្អាតប្រើប្រាស់ ទីតាំងខ្វះខាតទឹកស្អាត និងទីតាំងដែលមានតម្រូវការទឹកស្អាត ឬ គម្រោងអាទិភាពនានាដែលមានការពាក់ព័ន្ធគ្នានឹងបញ្ហាទឹកស្អាតផងដែរ។
សូមបញ្ជាក់ថា នៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ៩៩៤ អនក្រ.តត ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ស្តីពីការតែងតាំងអគ្គនាយក និងក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកមណ្ឌលគិរី អាណត្តិទី១ សម្រេច៖
១. ឯកឧត្តម ជា វ៉េង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធាន
២. លោក ណុំ ស៊ីនិត អគ្គនាយករង អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក
៣. លោក សុខ ធីប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាង ម្ចាស់ភាគហ៊ុន សមាជិក
៤. ឯកឧត្តម សាន់ ដារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី សមាជិក
៥. ឯកឧត្តម សូរ សុវណ្ណារិទ្ធ អគ្គនាយករដ្ឋាករទឹកមណ្ឌលគិរី សមាជិក ៕