បន្ទាយមានជ័យ៖ លោក អ៊ុក ប៊ុនថុន អធិការរងនគរបាលស្រុកមង្គលបូរី ទទួលបន្ទុកផ្នែកគ្រឿងញៀន និងបក្ខពួក ត្រូវបានឪពុកសពជនរងគ្រោះ ដែលស្លាប់ក្រោយពេលប៉ូលិសចាប់ខ្លួន បានប្តឹងទៅតុលាការដើម្បីស្វែងរកយុត្តិធម៌ ដោយចោទប្រកាន់ ពីបទ «អំពើទារុណកម្ម និងអំពើឃោរឃៅអមនុស្សធម៌»។
បុរសឈ្មោះ លាន លាង ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពោធិរៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ បានដាក់ពាក្យបណ្តឹងប្តឹងចូលទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយចោទប្រកាន់ លោក អ៊ុក ប៊ុនថុន អធិការរងនគរបាលស្រុកមង្គលបូរី ទទួលបន្ទុកផ្នែកគ្រឿងញៀន និងគូកនថា បានធ្វើទារុណកម្ម និងអំពើឃោរឃៅអមនុស្សធម៌ លើកូនប្រុសខ្លួនរហូតដល់ស្លាប់។
យោងតាមបណ្តឹងបានឲ្យដឹងថា កូនប្រុសរបស់គាត់មានឈ្មោះ លាន ឡាង ភេទប្រុស អាយុ ២៨ឆ្នាំ បានស្លាប់កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ បន្ទាប់ពីប៉ូលិសចាប់ខ្លួនករណីពាក់ព័ន្ធគ្រឿងញៀន។
ក្នុងបណ្តឹងបានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង៣០នាទីព្រឹក កូនប្រុសរបស់គាត់ទៅច្រូតស្មៅគោដូចសព្វមួយដង។ នៅវេលាម៉ោង ០២និង១០នាទី ប្អូនស្រីឈ្មោះ សៅ ប៊ុនធា បានទូរស័ព្ទប្រាប់ថាកូនរបស់គាត់ត្រូវបានប៉ូលីសចាប់ខ្លួន។ ពាក្យបណ្តឹងបានឲ្យដឹងទៀតថា ក្រោយដឹងព័ត៌មានក៏កន្លែងអធិការស្រុកមង្គលបូរី ឃើញមនុស្សម្នាក់នៅក្នុង ឡានឮស្រែកអូយៗ និងបានប៉ូលីសប្រចាំការប៉ូលីសបាននិយាយថា បញ្ចូនទៅលើហើយ។
ក្រោយពីឮប៉ូលិសប្រាប់បែបនេះ លោក លាន លាង បានធ្វើដំណើរទៅផ្ទះប្អូនស្រីហើយប្អូនស្រីគាត់បានទាក់ទងទៅប៉ូលីសទើបឆ្លើយថា «កូនរបស់ខ្ញុំបាទកំពុងនៅមន្ទីរពេទ្យ» បានធ្វើដំណើរទៅមន្ទីរពេទ្យស្រុកមង្គលបូរីឃើញកំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្នុងអាការៈប្រកាច់ដកចង្ការមាន់ រហូតដល់ម៉ោង ៥និង១៥នាទីរសៀលបានបាត់បង់ជីវិតតែម្តង។
ឪពុកជនរងគ្រោះបានបញ្ជាក់ក្នុងពាក្យបណ្តឹងថា «កូនខ្ញុំបាទមានហូរឈាមតាមមាត់ ស្នាមជាំខ្មៅ ប្រជុំចិញ្ចើម ស្នាមដៅខ្មៅក្រោមដោះទាំងពីរ ស្នាមជាំខ្មៅពីក្រោយខ្នង ហើយមានស្នាមជាំលើកប្រអប់ខ្នងដៃស្ដាំពីរកន្លែង។ តាមពិតទៅកូនរបស់ខ្ញុំបាទមិនធ្លាប់មានជម្ងឺ អាការៈណាមួយឡើយកន្លងមក។ ដោយអាការៈទាំងនេះ ជាអំពើទារុណកម្មសួរយកចម្លើយ នៅអធិការប៉ូលីសស្រុក មង្គលបូរី ខេត្តបន្ទាយ»។
ពាក់ព័ន្ធករណីឪពុកជនរងគ្រោះ បានប្តឹងទាមទារដូចខាងក្រោមៈ ទី១- ទាមទារសំណងជម្ងឺចិត្ត ចំនួន ១០០.០០០ (ដប់ម៉ឺនដុល្លារ) និងទី២- ផ្តន្ទាទោសជនប្រព្រឹត្តទៅតាមនីតិវីធីច្បាប់។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបំភ្លឺថា សូមជម្រាបជូនដល់សាធារណៈជន អ្នកសារ ព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបនូវករណីបង្ក្រាបគ្រឿងញៀន នៅថ្ងៃទី១១-០៨- ២០២៣ ម៉ោង១០:៣០នាទី មានប្រជាពលរដ្ឋឈ្មោះ ងួន ង៉ាន ភេទប្រុស អាយុ ៣៩ឆ្នាំ បានរាយការណ៍ថាមានឈ្មោះ លាង ឡាង ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិពោធិរៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បានឲ្យខ្លួនទៅយកថ្នាំញៀន ចំនួន ៤០០.០០០រៀល នៅចំណុចវត្តដងរុន ភូមិដងរុន ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា កម្លាំងជំនាញស្រុកមង្គលបូរី បានចុះទៅដល់វត្តដងរុន ប្រទះឃើញជនសង្ស័យឈ្មោះ លាង ឡាង ភេទប្រុស អាយុ ៣២ឆ្នាំ ជិះម៉ូតូក្នុងវត្តដៃកាន់ទូរសព្ទបម្រុងគេចខ្លួនកម្លាំង យើងឃើញចាប់ឃាត់ខ្លួន ហើយត្រួតពិនិត្យរកគ្រឿងញៀន ជនសង្ស័យឆ្លើយថា ខ្លួនបានបោះថ្នាំញៀនចោលតែមិនបានប្រាប់ថា បោះចោលនៅកន្លែងណា បន្ទាប់មកក៏បាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីសាកសួរបន្ថែម។ ជនសង្ស័យបានសុំហូបបាយ និងសុំជួបម្ដាយមីងឈ្មោះ ធា បានគាត់ដឹងពីជម្ងឺខ្ញុំយ៉ាងមិច។ ពេលនោះសមត្ថកិច្ចបានឲ្យបាយហូបមួយកញ្ចប់ហូបមិនទាន់រួចផង ជនសង្ស័យថា ឈឺពោះហើយសុំទឹកផឹកអស់ជាច្រើនដបសុំចូលបន្ទប់ទឹក ឃើញជនសង្ស័យយកទឹកស្រោចខ្លួនស្រែកថា ក្ដៅណាស់ៗ យើងមានការសង្ស័យថា ជនសង្ស័យអាចលេបថ្នាំញៀនចូលក្នុងពោះ ឃើញជនសង្ស័យមានអាការៈប្លែក បែកពពុះមាត់លូនចេញពីបន្ទប់ទឹកភ្លាមនោះ (នៅម៉ោង ១៣:០០នាទី) កម្លាំងបានបញ្ជូនទៅកាន់មន្ទីរពេទ្យរួចបានធ្វើ តេស្តទឹកនោមរកសារធាតុញៀន (វិជ្ជមាន)។
អ្នកនាំពាក្យស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបំភ្លឺទៀតថា ក្រុមគ្រូពេទ្យបានជួយសង្គ្រោះជាបន្ទាន់រហូតដល់ម៉ោង ១៧:១៥នាទី ជនសង្ស័យបានស្លាប់។ ក្រុមគ្រូពេទ្យ និងនគរបាលជំនាញកោសល្យវិច្ឆ័យធ្វើការត្រួតពិនិត្យឃើញថា «ជនសង្ស័យពិតជាស្លាប់ដោយសារគាំងបេះដូង ក្រុមគ្រួសារសពបានទទួលស្គាល់តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យក្នុងករណីស្លាប់នេះគឺដោយសារគាំងបេះដូង ពិតប្រាកដមែន។ ក្រោយពីមានការឯកភាពពី ឯកឧត្ដមព្រះរាជអាជ្ញា កំលាំងជំនាញបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី»។
មហាជនរងចាំចំណាត់ការរបស់តុលការជុំវិញករណីចោទប្រកាន់របស់ឪពុកជនរងគ្រោះលើលោកអធិការរង និងបក្ខពួកនឹងទៅជាយ៉ាងណា៕