បាត់ដំបង៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង កាលថ្ងៃទី១៧ ខែសីហាកន្លងទៅ ថាមានករណីសត្វត្រីខាំស៊ីមនុស្សក្នុងស្ទឹងក្រញូង ស្រុកសំឡូត ត្រូវបានបង្ហោះចែកចាយលើបណ្តាញទំនាក់ទំនងសង្គម ប៉ុន្តែត្រូវបានក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋានខេត្តបាត់ដំបងបដិសេដ្ឋថា «រឿងពុំពិតឡើយ និងបានឲ្យម្ចាស់គណនីធ្វើការកែតម្រូវឡើងវិញ ដើម្បកុំឲ្យបងប្អូនមហាជនមានការភាន់ច្រឡំ» ។
ក្រោយពីមានការបង្ហោះនូវវីដេអូរ និងនិយាយថា មានករណីសត្វត្រីស៊ីសាច់បុរសម្នាក់ នៅស្រុកសំឡូត ខណៈពេលចុះងូតទឹកស្ទឹងក្រញូងភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបកស្រាយបំភ្លឺជូនសាធារណជនអ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា «នាប៉ុន្មានម៉ោងមុននេះ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ មានអ្នកប្រេីប្រាស់បណ្តាញសង្គមបានផ្សព្វផ្សាយរូបភាពជាឃ្លីបវីដេអូ និងចែកផ្សាយបន្តដោយក្នុងរូបភាព និងសម្លេងនិយាយថាមានសត្វត្រីស៊ីសាច់មនុស្សចូលមកដល់ស្ទឹងក្រញូង នៃស្រុកសំឡូត»។
ដោយឃើញរូបភាព និងការផ្សព្វផ្សាយចែកចាយតៗគ្នាបែបនេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋានខេត្តបាត់ដំបង ធ្វើការទំនាក់ទំនងទៅលោកអធិការនគរបាលស្រុកសំឡូត គឺលោកវរសេនីយ៍ទោ ម៉ែន រីម ស្រាវជ្រាវដើម្បីបញ្ជាក់ពីបញ្ហានេះភ្លាមៗ។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានឲ្យដឹងថា ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៣០នាទី នៅចំណុចដងស្ទឹងក្រញូង នៅភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីត្រីក្រពតខាំទៅលើបុរសម្នាក់ឈ្មោះ សួន ចំរើន អាយុ ៦៣ឆ្នាំ ទីនៅបច្ចុប្បន្ន ក្រុមទី៩ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលឱ្យមានឈាមហូរ ខណៈដែលគាត់ចុះទៅក្នុងទឹកស្ទឹងនោះ។ ជាមួយនេះតាមការពិនិត្យរបស់គ្រូពេទ្យដែលព្យាបាលរបួសបានបង្ហាញថា «របួសនេះ គឺត្រីក្រពតខាំ ដោយខាំចំសរសៃឈាមទើបបណ្ដាលឱ្យមានឈាមហូរច្រើន តែមកដល់ពេលនេះស្ថានភាពជនរងគ្រោះមិនមានបញ្ហាអ្វីនោះទេ»។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានចាត់ទុកថា «ការផ្សព្វផ្សាយដែលថា បុរសខាងលើមានរបួសជើងដោយសារ (ត្រីស៊ីសាច់មនុស្សខាំ) នោះ គឺជារឿងពុំពិតឡេីយ និងសូមម្ចាស់គណនីធ្វើការកែតម្រូវឡើងវិញ និងសូមបងប្អូនកុំមានការភាន់ច្រឡំ»។
សូមជម្រាបថាពនៅភូមិសាស្រ្ត ស្រុកសំឡូត នារដូវវស្សាក្នុងពេលដែលត្រីក្រពត ពងកូន នោះតែងកើត មានករណីត្រីក្រពតខាំ ចំពោះអ្នកចុះទៅក្នុងទឹកនៃទីកន្លែងខ្លះដែលមានសត្វនេះរស់នៅ ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ កន្លងទៅក៏ធ្លាប់កើតមានករណីនេះដែរនៅភូមិសាស្រ្តស្រុកសំឡូតមាន របួសដៃ និងជើងផង៕