2023-08-21 13:44
542

ភ្នំពេញ៖ មន្ទីរពេទ្យឯកជន «ប៊ីធនកម្ពុជា» ត្រូវបានក្រសួងសុខាភិបាល សម្រេចបិទ និងលប់អាជ្ញាប័ណ្ណ បន្ទាប់រកឃើញថា មន្ទីរពេទ្យនេះមិនបានគោរពលក្ខខណ្ឌបច្ចេកទេស មិនគោរពកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរពេទ្យ និងមិនអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងអនុក្រឹត្យលេខ៩៤អនក្រ.បក ជាពិសេសព្យាបាលឲ្យអ្នកជំងឺបរទេសម្នាក់ស្លាប់។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បានសម្រេចបិទ ដកហូតអាជ្ញាប័ណ្ណ មន្ទីរពេទ្យឯកជន «ប៊ីធនកម្ពុជា» ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៥០៦ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ និងចាត់វិធានការចំពោះម្ចាស់មន្នីពេទនយនេះ ដោយសារមិនគោរពលក្ខខណ្ឌបច្ចេកទេស និងកិច្ចសន្យា។

សេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ចំពោះមូលហេតុនៃការបិទដោយសារមន្ទីរពេទ្យនេះមិនបានគោរពលក្ខខណ្ឌបច្ចេកទេស មិនគោរពកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរពេទ្យ និងមិនអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងអនុក្រឹត្យលេខ៩៤អនក្រ.បក ស្ដីពីបែបបទ និងល័ក្ខខ័ណ្ឌនៃការអនុញ្ញាតឱ្យជនបរទេសជាអ្នកវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រប្រកបវិជ្ជាជីវឯកជនក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រកាសលេខ០៣៤ អបស.មព របស់ក្រសួងសុខាភិបាល។

ក្នុងនោះក្រសួងសុខាភិបាល បានរកឃើញថា «មន្ទីរពេទ្យនេះបានអនុញ្ញាតខុសច្បាប់ឱ្យគ្រូពេទ្យជា ជនបរទេស គ្មានអាជ្ញាប័ណ្ណគណៈគ្រូពេទ្យកម្ពុជា ជាអ្នកព្យាបាលអ្នកជំងឺម្នាក់ជាជនបរទេសបណ្ដាលឱ្យស្លាប់ នៅក្នុងមន្ទីរពេទ្យ ប៊ីធនកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ»។

សូមជម្រាបថា មានការភ្ញាក់ផ្អើលមួយ បានកើតឡើង នៅវេលាម៉ោង ០១និង៣០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុច មន្ទីរពេទ្យឯកជន «ប៊ីធនកម្ពុជា» ស្ថិតតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយស្ត្រីជនជាតិចិនម្នាក់ បានមកទទួលសេវាកម្មព្យាបាលនៅមន្ទីរពេទ្យនេះ បានស្លាប់ក្រោយពីបានដាក់ស៊ីរ៉ូមអស់ ចំនួន ២កំប្លោក ស្រាប់តែមានអាការៈមិនស្រួល បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ 

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះមកដល់ទីតាំងកើតហេតុនឹងបានហ៊ុំព័ទ្ធជុំវិញទីតាំង ដើម្បីរង់ចាំឲ្យកម្លាំងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យជំនាញចុះមកពិនិត្យផងដែរ។ 

បច្ចុប្បន្ន បន្ទាប់មន្ត្រីជំនាញផ្នែកសុខាភិបាល ស្រាវជ្រាវរកខុសលក្ខខណ្ឌបច្ចេកទេស មិនគោរពកិច្ចសន្យា ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចបិទ និងដកហូតអាជ្ញាប័ណ្ណតែម្តង៕