2023-08-21 16:52
249

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទទី២១ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មានករណីមនុស្សធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) កើតឡើងមួយលើក ដែល សាកសពជនរងគ្រោះឈ្មោះ ផុន ផល្លី ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

របាយការណ៍ដដែលបន្តថា ឆ្លងតាមការបំភ្លឺរបស់ម្តាយបង្កើតជនរងគ្រោះ ឈ្មោះ សៅ សារ៉ាត់ ភេទស្រី អាយុ៦៨ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថាកូនស្រីរបស់គាត់មានជំងឺប្រចាំកាយ (មហារីកស្បូន) រយៈពេល០៤ឆ្នាំមកហើយ។ លុះមកដល់ថ្ងៃទី២០ ខែសីហាម្សិលមិញនេះ វេលាម៉ោងប្រហែល ០១និង០៥នាទីរសៀល គាត់ភ្ញាក់ពីដេកក៏បានបាត់កូនស្រី។ បន្ទាប់មកគាត់ក៏បានដើររក ក៏ស្រាប់តែឃើញកូនរបស់គាត់ចងកនៅនឹងមែកស្វាយស្លាប់បាត់បង់ជីវិតទៅហើយ នៅចំណុចក្រុមទី១៨ ភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ 

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលផ្នែកជំនាញអធិការដ្ឋានស្រុកបវេល សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ផុន ផល្លី ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។ 

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឱ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕