2023-08-25 18:58
328

 

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ឈ្មោះលេង បាត់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣នេះ។
     សមត្ថកិច្ចប្រាប់ថាៈ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា៖ ការឈានដល់ឃាត់ខ្លួនជនសង្ស័យក្នុងករណីលួចនេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះចំនួន០២នាក់ ១-ឈ្មោះ ម៉ី ភា ភេទប្រុស អាយុ២៣ឆ្នាំ ជាសន្តិសុខយាមនៅធនាគារព្រីន បានបាត់ទូរស័ព្ទក្នុងពេលដាក់សាកថ្មនៅកន្លែងធ្វើការ និងឈ្មោះ ប្រេង វែង ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករសំណង់ បានបាត់ទូរស័ព្ទ ក្នុងពេលដាក់សាកថ្មក្រោមប៉ៅអ៊ីដែលខ្លួនកំពុងដេក ។ 
     លោកមេបញ្ជាការបានបន្តថា៖ ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះប្រតិបត្តិការ និងធ្វើការស្រាវជ្រាវតាមវិធានការជំនាញ រហូតដល់វេលាម៉ោង៤រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ លេង បាត់ ភេទប្រុស អាយុ១៨ឆ្នាំ រួមទាំងដកហូតវត្ថុតាងទូរស័ព្ទដៃចំនួន០២គ្រឿងដែលរូបគេបានលួចនិងគ្រឿងញៀនម្សៅក្រាមពណ៌សថ្លា០១កញ្ចប់តូច នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ  ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។
     លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ លេង បាត់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទម៉ាក IPHONE 8PLUS ពណ៌ខ្មៅ ០១គ្រឿង និងទូរស័ព្ទម៉ាក VIVO Y16 ពណ៌ខ្មៅ ០១គ្រឿង របស់ដើមបណ្ដឹងទាំង០២នាក់នោះពិតប្រាកដមែន ហើយរូបខ្លួនកន្លងមកនៅអំឡុងឆ្នាំ២០១៩ ក៏ធ្លាប់ជាប់ពន្ធនាគារនៅខេត្ត ចំនួន០២ឆ្នាំដែរ ពាក់ព័ន្ធពីបទជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ៕