2023-08-26 11:49
466

ខេត្តមណ្ឌលគិរី ៖ បុរសចំណាស់ម្នាក់ត្រូវបានបញ្ជូនមកកាន់ស្នងការនគរបាលខេត្តមណ្ឌលគិរីនៅទី២៦ ខែសីហា ឆ្នាំ២០២៣នេះ ដោយជាប់ចោទពីបទរំលោភសេពសន្ថវៈលើក្មេងស្រី។ ជនសង្ស័យព្យាយាមបដិសេធប៉ុន្តែគ្រូពេទ្យធ្វើកោសល្យវិច័យ ទៅលើក្មេងស្រីបញ្ជាក់ថា ពិតជារងគ្រោះដោយការរំលោភមែន។ 

មន្ត្រីនគរបាលខេត្តបានឲ្យដឹងថា បុរសវ័យចំណាស់បានចាប់រំលោភក្មេងស្រីអាយុ៩ឆ្នាំបានសម្រេច នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក ចាន់ សុផារី នាយប៉ុស្ដិ៍រដ្ឋបាលចុងផ្លាស់ឲ្យដឹងថា ក្មេងស្រីរងគ្រោះ អាយុ៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា។ លោកបន្តថា តាមសម្តីក្មេងស្រីបានរៀបរាប់ទាំងភ័យខ្លាចថា នៅរសៀលថ្ងៃទី២៤ ខែសីហា ឈ្មោះ ឈួន ឈាង ភេទប្រុសអាយុ ៦៣ឆ្នាំ បានចាប់រូបនាងឡើងលើផ្ទះរបស់គាត់ដោយរូបគាត់ស្លៀកតែក្រមាទេ។ នាងបន្តថា បន្ទាប់មកគាត់បានដោះអាវរបស់ខ្ញុំចេញហើយគាត់បានលេងដើមទ្រូងខ្ញុំមួយភ្លែត បន្ទាប់មកគាត់បានដោះក្រមាគាត់ចេញ ហើយស្រាតខោរបស់ខ្ញុំ  ហើយក៏រំលោភតែម្ដង។

ក្មេងស្រីរងគ្រោះបន្តថា ពេលនោះខ្ញុំភ័យខ្លាំងណាស់ហើយព្យាយាមស្រែក តែត្រូវគាត់គំរាមមិនឲ្យស្រែក ហើយមិនឲ្យប្រាប់ម្តាយឪពុកទេ បើសិនជាហ៊ានប្រាប់ នោះគាត់នឹងសម្លាប់ចោល។ បន្ទាប់ពីចាប់ខ្ញុំរួចមកគាត់បានស្លៀកពាក់ឲ្យខ្ញុំធម្មតាវិញ។

ជនសង្ស័យមានឈ្មោះ ឈួន ឈាង ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោកនាយប៉ុស្តិ៍ឲ្យដឹងទៀតថាបន្ទាប់ពីបានទទួលពាក្យ បណ្តឹងពីអាណាព្យាបាល នៅព្រឹកថ្ងៃទី២៥ ខែសីហា កម្លាំងប៉ុស្តិ៍រដ្ឋបាលចេញប្រតិបត្តិការដោយឃាត់ខ្លួន ជនសង្ស័យ យកមកសួរនាំ តែត្រូវជនសង្ស័យប្រកែក។ ពេលនោះ ប៉ុស្តិ៍រដ្ឋបាលបានក៏កសាងសំណុំរឿង បញ្ជូន ជនសង្ស័យនិងជនរងគ្រោះទៅ ធ្វើកោសល្យវិច័យ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។បន្ទាប់ពីធ្វើកោសល្យវិច័យរួច មន្ត្រីជំនាញបានបញ្ជាក់ថា ជនសង្ស័យខាងលើពិតជាបានចាប់រំលោភ ទៅលើក្មេង ស្រីជាអនីតិជនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕