2023-08-28 15:23
372

ព្រះសីហនុ៖     ក្រុមជនអន្ធរពាល ០២ក្រុម មានជនជាតិចិន និងវៀតណាម ចំនួន ១៥នាក់ ដែលផ្ទុះអំពើហិង្សាដាក់គ្នា និងមានប្រើប្រាស់អាវុធដោយខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចស្នងការនគរបាលខេត្តព្រះសីហនុបង្ក្រាប និងឃាត់ខ្លួនចាត់ការតាមផ្លូវច្បាប់។

សេចក្តីរាយការណ៍ បានឱ្យដឹងថា ករណីអំពើហិង្សាទៅវិញទៅមករវាងជនជាតិវៀតណាម និងជនជាតិចិន បានកើតឡើងនៅយប់រំលងអធ្រាត ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្នុងនោះ ១ក្រុមមានតែម្នាក់ឯង និង ១ក្រុមទៀតមានគ្នា ចំនួន ១២នាក់ ស្ថិតត្រង់ចំណុច មុខអាគារកាស៊ីណូ “វ៉ាង ឆាវ” ជាប់សាលាបឋមសិក្សាកម្មករ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា ពាក់ព័ន្ធករណីនេះ កម្លាំងសមត្ថកិច្ចបានចុះឆែកឆេររកឃើញជនសង្ស័យ ចំនួន ០២នាក់ បន្ថែមទៀត ដែលកំពុងស្នាក់នៅក្នុងបន្ទប់មួយ នៃអាគារ “វ៉ាង ឆាវ”  បានកាន់កាប់អាវុធដោយខុសច្បាប់ ហើសមត្ថកិច្ចដកហូតបានអាវុធខ្លី ០១ដើម ម៉ាក K54 បង់១ គ្រាប់ ចំនួន ០៤គ្រាប់ និងកាំបិត ចំនួន ០៣ដើមផងដែរ។

បច្ចុប្បន្ន កម្លាំងជំនាញបានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង ១៥នាក់ រួមទាំងវត្ថុតាងនាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕