2023-08-29 15:38
309

(កំពត)៖    នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣នេះ លោក អែត ដារិទ្ធ អភិបាលក្រុងកំពតបានប្រាប់ឱ្យដឹងថាបន្ទាប់ពីមានការជួបប្រជុំនិងបានចុះណែនាំផ្ទាល់ទៅដល់ប្រជាពលរដ្ឋនិងបងប្អូនក្រុមអាជីវករលក់ដូរនៅផ្សារសាមគ្គីទីរួមខេត្តកំពតពីការរៀបចំឱ្យមានសណ្តាប់ធ្នាប់នៅក្នុងការលក់ដូរហើយត្រូវមានការរៀបចំឱ្យមានសោភណ្ឌភាពជុំវិញផ្សារឱ្យល្អប្រសើរបន្ថែមទៀតនោះដែលក្រុមអាជីវករលក់ដូរនៅលើផ្លូវសាធារណៈអាជ្ញាធរបានឱ្យដាក់លក់ថយក្រោយវិញមួយចំនួយធំ ប៉ុន្តែនៅមួយចំនួនទៀតមិនបានព្រមដាក់ថយចេញពីលើផ្លូវនៅឡើយនោះទេជាពិសេសផ្លូវនៅផ្នែកខាងត្បូងផ្សារសាមគ្គីខេត្តកំពត។

ដូច្នេះអាជ្ញាធរក្រុងកំពតបានបន្តអំពាវនាវដល់ពលរដ្ឋនិងក្រុមអាជីវករលក់ដូរនៅផ្សារសាមគ្គីទីររួមខេត្តកំពតទាំងអស់តាំងពីថ្ងៃទី ២៦ រហូតដល់ថ្ងៃទី២៩ ខែសីហាសូមឱ្យបងប្អូនអាជីវករសូមមេត្តា ចូលរួមសហការជាមួយអាជ្ញាធរ និងអ្នកគ្រប់គ្រងផ្សារដើម្បីរៀបចំសណ្តាប់ធ្នាប់ ឱ្យមានសោភណ្ឌភាពផ្សារ ឲ្យបានស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរ និងសូមឲ្យបងប្អូនអាជីវករឈប់លក់ដូរនៅលើផ្លូវជុំវិញផ្សារ ពិសេសផ្លូវខាងត្បូងផ្សារ ដើម្បីបញ្ចៀសក្នុងការកក់ស្ទះចរាចរ។

លោក អែត សារិទ្ធ អភិបាលរងក្រុងកំពតបានបញ្ជាក់ថា ការរៀបចំផ្សារឲ្យមានសណ្តាប់ធ្នាប់ បរិស្ថានអនាម័យល្អ និងឱ្យមានសោភណ្ឌភាព ដើម្បីអាចទាក់ទាញភ្ញៀវទេសចរ និងពលរដ្ឋ ឲ្យមកដើរផ្សារទិញរបស់របកាន់តែច្រើន ជួយជំរុញដល់ការលក់ដូរឲ្យកាន់តែល្អប្រសើរ ឡើងជាពិសេសនោះចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចខេត្តផងដែរ ហើយវាក៏ឆ្លើយតបទៅនឹងចលនាប្រឡងប្រណាំងទីក្រុងស្អាតផងដែរ។

លោក អភិបាលរងក្រុងកំពតបានអំពាវនាវដល់បងប្អូនក្រុមអាជីវករទាំងអស់ឲ្យចូលរួមសហការ នឹងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងប្រធានផ្សារ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនិងក្រុមអាជីវករត្រូវឈប់លក់ដូរនៅលើផ្លូវសាធារណៈបន្តទៀត។

បើយោងតាមការបញ្ជាក់អ្នកគ្រប់គ្រងផ្សារបានឲ្យដឹងថា  នាពេលកន្លងមកការលក់ដូរលើផ្លូវសាធារណៈនៅប៉ែកខាងត្បូងផ្សារសាមគ្គីខេត្តកំពត មិនមានច្រើនដូចបច្ចុប្បន្ននេះទេ ប៉ុន្តែបន្ទាប់ពីមានការជួសជុលដំបូលផ្សារ  ក្រុមអាជីវករដែលមានតូបនៅខាងក្នុងផ្សារ បាននាំគ្នាចេញមកដាក់លក់នៅខាងក្រៅជាបណ្តោះអាសន្ន លុះដល់ការសាងសង់ដំបូលផ្សាររួចរាល់ បងប្អូនអាជីវករមួយចំនួន មិនបានត្រឡប់ទៅលក់នៅតូបខ្លួនវិញនោះទេ ហើយអ្នកខ្លះបែរជាជួលតូបខ្លួនទៅឲ្យអ្នកផ្សេងលក់បន្ថែមទៀតផង ហើយខ្លួនសុខចិត្តនៅក្រាញ់ននៀលលក់នៅលើផ្លូវសារធារណៈរហូតមក ខណៈដែលក្រុមអាជីវករគ្មានតូបលក់ដូរពិតប្រាកកដ(លក់ដូរតាមជញ្ជាំងល្អី)របងផ្សារបានកើនឡើងទៅដល់១០០នាក់បន្ថែមផងដែរ។(សឹង រ៉ាត់)