2023-08-29 16:12
538

(កំពត)៖   នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣នេះ លោក ឆេង កែវណារាពង្ស ប្រធានគម្រោងកំពតស្អាត ឆ្នាំ២០២៣ បានឱ្យដឹងថាគម្រោងកំពតស្អាតត្រូវបានបង្កើតដំបូងនៅឆ្នាំ២០១៩ដើម្បីផ្សព្វផ្សាយចែករំលែកសារអប់រំសំខាន់ៗពាក់ព័ន្ធនឹងការថែរក្សាបរិស្ថានអនាម័យ។

ប្រធានថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ២០២៣ និងជាប្រធានគម្រោងកំពតស្អាត បានជំរុញលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន អាជីវករ អ្នកផ្តល់សេវាទេសចរណ៍ ចូលរួមថែរក្សា និងផ្សព្វផ្សាយបរិស្ថានអនាម័យស្អាត ពិសេសត្រូវធ្វើជាសកម្មជនបរិស្ថាន កំពតស្អាត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញចលនាទីក្រុងស្អាត គ្មានប្លាស្ទិក។

ដោយឡែកឆ្នាំនេះ គម្រោងបានធ្វើយុទ្ឋនាការ ៥០០០ជំហានដើម្បីកំពតស្អាត ក្រោមប្រធានបទ ផ្តើមទម្លាប់ស្អាត ដើម្បីជំនាន់ក្រោយនា យុទ្ធនាការរត់នេះ បានចេញដំណើរពីរង្វង់មូលធុរេន ទៅកាន់ឆ្នេរកោះស្មៅ។

ប្រធានថ្នាក់តំបន់ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាមេគង្គឆ្នាំ២០២៣ លោក លី ដេវិត បានឲ្យដឹងដែរថា ប្រធានបទ ផ្តើមទម្លាប់ស្អាត ដើម្បីជំនាន់ក្រោយ" តាមរយៈការរត់៥០០០ជំហាន ដើម្បីបំផុសឲ្យគ្រប់គ្នាចូលរួមសកម្មភាពបីសំខាន់ ទី១ ការបដិសេធ ទី២ ការកាត់បន្ថយ និងទី៣ ការប្រើប្រាស់ឡើងវិញ នូវសម្ភារៈប្រើប្រាស់វេចផ្សេងៗ។ប្រធានថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា២០២៣ លោក ឃឹម ប៉ូឡែន បានធ្វើការសន្និដ្ឋាន ថា បន្ទាប់ពីអនុវត្តគម្រោងកំពតស្អាត ប្រជាពលរដ្ឋមានការយល់ដឹងច្រើន យុវជនក៏បានចូលរួមយ៉ាងផុលផុស។

ប៉ុន្តែដោយសារខេត្តកំពតជាគោលដៅទេសចរណ៍ ដែលតែងតែមានការទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលេងកម្សាន្តច្រើន វត្តមានសំរាមនៅតែមាន ទាមទារឲ្យប្រជាពលរដ្ឋ និង យុវជន បងប្អូនក្រុមអាជីវករ អ្នកផ្តល់សេវាទេសចរណ៍ចូលរួមសម្អាត ទុកដាក់កាកសំណល់ សំរាមឲ្យបានស្អាតត្រឹមត្រូវ និងចូលរួមផ្សព្វផ្សាយ ហើយធ្វើជាសកម្មជនបរិស្ថាន កំពតស្អាត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត។

ក្នុងយុទ្ធនាការរត់ ៥០០០ជំហានដើម្បីកំពតស្អាត មានសិស្សានុសិស្ស និង សាធារណៈជនបានចូលរួមប្រមាណជាង៥០០នាក់ រង្វាន់ជ័យលាភីទទួលបានអាវយឺតកំពតស្អាត១ ថង់បរិស្ថាន១ ដបទឹកបរិស្ថាន និង មេដាយ១ផងដែរ។(សឹង រ៉ាត់)