2023-08-30 15:42
253

ខេត្តស្ទឹងត្រែង៖ គ្រឿងញៀនដែលប្រមូលបានក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តចំនួន៣មានខេត្ត ស្ទឹងត្រែង – រតនគិរី និងមណ្ឌលគិរី  ប្រមាណជិត១៥គីឡូក្រាមត្រូវបានរៀបចំដុតកម្ទេចចោលនៅចំពោះមុខមហាជន  ក្នុងបរិវេណមុខសាលាខេត្តស្ទឹងត្រែង ។

ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ចប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការអប់រំបង្ការនិងដុតបំផ្លាញគ្រឿងញៀនតាមអំណាចសាលក្រមសាលដីកាសម្រេចរបស់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៩សីហាឆ្នាំ២០២៣  លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា៖ យើងត្រូវរួមគ្នាគិតរួមគ្នាធ្វើនិងទទួលខុសត្រូវ ហើយប្រាប់ការណ៍ពិតទៅដល់បងប្អូនកូនចៅយើងថា គ្រឿងញៀននិងថ្នាំញៀនវាបានចំផ្លាញជីវិតនិងធ្វើឱ្យយើងខាតបង់គ្រប់យ៉ាង។ ដូចនេះយើងត្រូវតែនាំគ្នាព្យាយាមលុបបំបាត់គ្រឿងញៀននេះឱ្យអស់តបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យប្រទេសជាតិនិងប្រជាជនយើងមានសុខុមាលភាពល្អ។

លោកមានប្រសាសន៍បន្ថែមថា៖  គ្រឿងញៀនវាពិតជាបង្កបញ្ហាគ្រោះថ្នាក់ ធ្ងន់ធ្ងរ ប្រសិនបើប្រទេសនីមួយៗ ឬយើងមិនបានយកចិត្តទុកដាក់ធ្វើសកម្មភាពបង្ត្រាបការជួញដូរ- ការរក្សាទុក- ការចែកចាយនិងការប្រើប្រាស់គ្រឿងញៀនទាំងនោះ។   

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា៖ គ្រប់ករណីទាំងនេះអាជ្ញាធរថ្នាក់ក្រោមជាតិបានរួមគ្នាយ៉ាងសកម្មក្នុងការទប់ស្កាត់ការធ្វើចរាចរណ៍គ្រឿងញៀន។  ជាក់ស្តែងពេលនេះស្ថាប័នមានសមត្ថកិច្ចនៃខេត្តចំនួន៣ មានខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង បានដុតបំផ្លាញគ្រឿងញៀនចោលតាមអំណាចសាលក្រមសាលដីកាសម្រេចរបស់សាលាដំបូងខេត្ត ដែលជាគ្រឿងញៀនបានមកពីការខិតខំប្រឹងប្រែងបង្ក្រាបនិងរឹបអូសបានកន្លងមក។

ឯកឧត្តម មានប្រសាសន៍បន្តថា៖ ដើម្បីឱ្យទទួលបានជោគជ័យបន្ថែមទៀត កម្លាំងសមត្ថកិច្ចនិងផ្នែកជំនាញពាក់ព័ន្ធត្រូវបន្តបង្កើនសកម្មភាពបង្ក្រាបឱ្យកាន់តែសកម្មថែមទៀត ដើម្បីធ្វើឱ្យយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល កាន់តែមានប្រសិទ្ធភាពតទៅឆ្នាំខាងមុខ។

លោក ធូ ចាន់ពៅ អភិបាលរងនិងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល.អាជ្ញាធរមានសមត្ថកិច្ចបានប្រើកម្លាំងសរុបក្នុងខេត្តអនុវត្តការងារ បង្ការ  ទប់ស្កាត់ និងបង្ក្រាបជាប្រចាំមិនឱ្យជនឧក្រិដ្ឋយកភូមិសាស្ត្រខេត្តស្ទឹងត្រែងធ្វើជាតំបន់ឆ្លងកាត់នោះទេ ។

លោក សយ ហេង តំណាងឱ្យប្រជាពលរដ្ឋខេត្តស្ទឹងត្រែងបានគាំទ្រវិធានការនេះហើយប្រជាពលរដ្ឋនៅតាមមូលដ្ឋានក៏បានចូលរួមជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មានឱ្យបានឆាប់រហ័សដើម្បីធ្វើឱ្យវិធានការបង្ការ.បង្ក្រាប-ទប់ស្កាត់និងការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យបានយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀនទាំងនេះ។

សូមបញ្ជាក់ថា៖ គ្រឿងញៀនដែលដុតកម្ទេចចោលនេះបានធ្វើឡើងនៅចំពោះមុខមហាជនដើម្បីឱ្យពួកគាត់ស្វែងយល់ពីភាពគ្រោះថ្នាក់ដែលកើតឡើងបណ្តាលមកពីគ្រឿងញៀនហើយនាំគ្នាអប់រំកូនចៅឱ្យនៅឆ្ងាយពីគ្រឿងញៀនទាំងនេះផងដែរ៕