បន្ទាយមានជ័យ៖ ចំណតរថយន្តក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានអាយុកាលជាង ១០០ឆ្នាំ បានបន្សល់ទុកតាំងពីសម័យបារាំងមកនោះនឹងរលាយបាត់រូបររៀងចេញពីប្រវត្តិសាស្ត្រ ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ព្រោះតែក្រុមហ៊ុនឯកជនមួយបានព្យាយាមរំលោភយកគ្រប់គ្រងផ្តេចមុខតាមរយៈរូបភាព នៃការធ្វើវិនិយោគ ដើម្បីអភិវឌ្ឍន៍។
ជាក់ស្តែងនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាប្រឈមនានា ដែលទាក់ទងនឹងការធ្វើអាជីវកម្មលក់-ដូរ និងអ្នករត់តាក់ស៊ីលើចំណតរថយន្តតូច ធំ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ (ខ) រវាងតំណាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុន ប៉ុន្តែហាក់មានការរឹតត្បិត មិនអនុញ្ញាតិឲ្យអ្នកសារព័ត៌ចូលយកព័ត៌មានចូលស្តាប់នោះឡើយ។
តាមតំណាងប្រជាពលរដ្ឋជាអាជីវករ និងអ្នករត់តាក់ស៊ី ដែលបានចូលទៅដោះស្រាយនៅក្នុងសាលាខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា «ចាប់ពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុននេះតទៅបេនឡានចាស់ដែលគេកសាងតាំងពីជំនាន់បារាំងមានអាយុកាលជាង ១០០ឆ្នាំ នៅចំបេះដូងខេត្តបន្ទាយមានជ័យ នឹងត្រូវរលាយបាត់ជាបណ្តើរៗព្រោះក្រុមហ៊ុនគេយកបេនឡាននេះទៅគម្រោងអភិវឌ្ឍន៍ផ្សេងៗ ព្រោះដីមានតម្លៃខ្ពស់កប់ពពក»។
តំណាងអាជីវករ និងអ្នករត់តាក់ស៊ី បានរៀបរាប់ថា «ក្នុងកិច្ចប្រជុំស្វែងរកដំណោះស្រាយនោះ រដ្ឋបាលខេត្តបានលើកយកលិខិតសេចក្តីជូនដំណឹងលេខ ៥៧០/សជណ/២៣ ចុះថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៣ ស្តីពី ការរៀបចំបៀបរៀបរយ សណ្ដាប់ធ្នាប់សាធារណៈ តាមចំណតរថយន្តគ្រប់ប្រភេទ ក្នុងក្រុងសិរីសោភ័ណ ដោយយោងតាមលិខិតលេខ ៤១៣ ស.ជ.ណ.មយ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្តី ,លិខិតលេខ ៦៤២ ល.ស ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ»។ ដោយតម្រូវការចាំបាច់របស់រដ្ឋបាល អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូនដំណឹងដល់សាធារណជន ក្រុមហ៊ុន និងម្ចាស់យន្ត ដែលប្រកបអាជីវកម្មដឹកអ្នកដំណើរ និងភ្ញៀវទេសចរណ៍គ្រប់ប្រភេទដែលកំពុងប្រកបអាជីវកម្មនៅទីតាំងចំណតរថយន្តចាស់ ក្រុងសិរីសោភ័ណ មេត្តាជ្រាបថា «រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមជាគោលការណ៍ដោះដូរទីតាំងចំណតរថយន្តចាស់ ក្រុងសិរីសោភ័ណ ទៅទីតាំងថ្មី និងព្រមអនុញ្ញាតឲ្យវិនិយោគ និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្តដល់ក្រុមហ៊ុន ឈឿន ចាន់ថន អាហរ័ណ នីហរណ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា លើទីតាំងថ្មី និងដោយទីតាំងចាស់ពុំមានសោភ័ណភាព អនាម័យបរិស្ថានល្អ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ»។
ដោយពិនិត្យឃើញពីបញ្ហាខាងលើនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមស្នើឲ្យបណ្តាក្រុមហ៊ុន និង ជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរណ៍គ្រប់ប្រភេទ ក្នុងក្រុងសិរីសោភ័ណ ដឹកអ្នកដំណើរ និងភ្ញៀវទេសចរណ៍ នៅចំណតរថយន្តចាស់ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវរុះរើចេញជាបន្ទាន់ ករណីមានក្រុមហ៊ុន ឬម្ចាស់រថយន្តនៅតែរឹងរូសមិនអនុវត្តបង្កបញ្ហា-រដ្ឋបាលខេត្តនិងចាត់វិធានការតាមផ្លូវច្បាប់តាមរូបភាពជាក់ស្ដែង។
ក្រុមតំណាងអាជីវករ និងអ្នករត់តាក់សុី បាននិយាយថា ពួកគាត់លើកយក ២ចំណុច មកដោះស្រាយ រួមមាន៖ ទី១- សុំឲ្យក្រុមហ៊ុនដាច់កុងត្រានៅឆ្នាំ ២០២៨សិន និងទី២- សុំចេញ ស.ជ.ណ ថ្មីដែលសម្តេច ហ៊ុនសែន ដែលសម្តេចចុះមកនៅឆ្នាំ២០១៦ ក្នុងបេនឡានចាស់មិនឲ្យរុះរើបេនឡានចាស់នេះដាច់ខាតទុកឲ្យអាជីវករ និងអ្នករត់តាក់សុីប្រកបមុខរបរនេះបន្តទៅទៀតតែគ្នានប្រសិទ្ធភាពឡើយ។
សូមរំឭកថា កន្លងមកក្រុមអាជីវករ អ្នករត់តាក់ស៊ី និងប្រជាពលរដ្ឋ រស់នៅជុំវិញបេនឡានក្រុងសិរីសោភ័ណជាង ២០០នាក់ បានផ្តិតមេដៃសុំអន្តរាគមន៍ពីថ្នាក់លើជួយអន្តរាគមន៍ ដើម្បីឲ្យឈ្មួញកុំផ្តាច់របរឬ ដង្ហើមរស់របស់ពួកគាត់ និងបញ្ឈប់ការបណ្តេញពួកខ្លួនឈប់ឲ្យលក់ដូរ ប្រកបរបរ និងត្រូវរុះរើតូបពួកគាត់តែគ្មានប្រសិទ្ធភាពទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៣ កន្លងមក លោក ឈៀង គិរីរ័ត្ន ម្ចាស់អាជីវកម្មវិនិយោគទុនម្ចាស់ចំណតរថយន្តតូច-ធំទាំង២ ដែលស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានយកលិខិត ១ច្បាប់ ចេញដោយរដ្ឋបាល ខេត្តបន្ទាយមានជ័យ មកឲ្យអាជីវករ និងអ្នករត់តាក់ស៊ី គ្រប់គ្នា និងគ្រប់កន្លែង។
ដោយខ្លឹមសារក្នុងលិខិតនោះ បានបញ្ជាក់ថា «តាមកិច្ចសន្យាធ្វើអាជីវកម្មភាសុីចំណតរថយន្តក្រុង តូចធំ ទាំង២ ក្នុងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០០៨ រវាងឈ្មោះ លោក ឈៀង គិរីរ័ត្ន ជាមួយនឹងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបញ្ចប់សិទ្ធិវិនិយោគមុនកាលកំណត់ នឹងត្រូវប្រគល់ជូនរដ្ឋ (សាលាខេត្ត) គ្រប់គ្រងវិញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣»។
ហេតុនេះ រាល់ការជួលតូប និងទីតាំងអាជីវកម្ម និងក្រុមអ្នករត់តាក់ស៊ី ក្នុងបរិវេណចំណត រថយន្តទាំង២ និងត្រូវបញ្ឈប់ ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ជាកំហិត៕