2023-08-30 16:52
288


ភ្នំពេញ៖ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះថា៖ មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញខណ្ឌ ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាន បន្ទាប់ពីរូបគេធ្វើសកម្មភាពឆក់ខ្សែ.កជនរងគ្រោះ ប៉ុន្តែមិនបានសម្រេច។ 
    លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ បានឱ្យដឹងទៀតថា កម្លាំងអធិការដ្ឋានខណ្ឌ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង៉ែត សុធា ហៅ ពៅ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ពីបទ៖ លួចមានស្ថានទម្ងន់ទោសដោយសារការប្រើហិង្សា (ឆក់ខ្សែកប្លាទីនពុំបានសម្រេចបណ្តាលឱ្យជនរងគ្រោះដួលម៉ូតូបាក់ដងកាំបិត និងក្បាលជង្គង់ខាងស្តាំង) ដែលបានប្រព្រឹត្តនៅចំណុចផ្លូវលេខ៣៣៧ ក្រុម៤ ភូមិ១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៩ និង ៤០នាទី។
      ជនរងគ្រោះ៖ ឈ្មោះ សោម ចន្ថា ភេទស្រី អាយុ ៥៥ឆ្នាំ ជនជាតិ ។ ចំណែកសម្ភារៈដកហូត៖ កាបូបស្ពាយពណ៌ខ្មៅចំនួន ០១ ក្នុងនោះរួមាន ប័ណ្ណចាក់វ៉ាក់សាំង និងអត្តសញ្ញាណប័ណ្ណ។ 
      ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន  ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ៕