2023-09-01 09:09
376

កែប៖         នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣នេះ រូបសំណាកព្រះគណេសដែលបានកសាងអស់ថវិការជាង៦ម៉ឺនដុល្លាធ្វើឡើងអំពីថ្មភក់ស្ថិតនៅក្បែរឆ្នេរកែប ត្រូវបានរៀបចំធ្វើពិធីប្រសិទ្ធី ពលិការ និងសម្ពោធជាផ្លូវការ សម្រាប់ទុកជាទីគោរពសក្ការៈបូជាថ្មីមួយទៀតសម្រាប់ខេត្តកែប ពិសេសសម្រាប់ ពលរដ្ឋទូទៅ ភ្ញៀវទេសចរជាតិ អន្តរជាតិ គោរពបូជា និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន។

រូបសំណាកព្រះគណេសខាងលើត្រូវបានឧបត្ថម្ភកសាងរួចរាលទាំងស្រុងពី អ្នកឧកញ៉ា យូ សាន្ត និងលោកជំទាវ ហេង វឿន ម្ចាស់ផ្ទះសំណាក់ ផ្ទះឆ្នេរ ក្នុងរង្វង់ថវិការប្រមាណ៦ម៉ឺនដុល្លាអាមេរិកទុក្ខសម្រាប់ក្មេងជំនាន់ក្រោយបានដឹង។ 

ពិធីប្រសិទ្ធី ពលិការ និងបានសម្ពោធជាផ្លូវការ នូវរូបសំណាកនេះបានធ្វើឡើង នាថ្ងៃទី ៣១ ខែសីហា  ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា អមដំណើរដោយ ឯកឧត្ដម លោកជំទាវ តំណាងសាលាដំបូងខេត្ត ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត កងកម្លំាងទាំងបី ប្រធានមន្ទីរអង្គភាព ចំណុះអោយរដ្ឋបាលខេត្តកែប និងក្រុមយុវជន ប្រជាពលរដ្ឋប្រមាណ៣៨៧នាក់។ 

ថ្លែងក្នុងពិធីនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងឱ្យដឹងថា អំពីប្រវត្តិរូបចំណាក់ព្រះគណេសជាបុត្រាទី២ ព្រះឥសូរ និងត្រូវជាប្អូនព្រះស្កន្ទ ។

ព្រះអង្គជាទេពតំណាងឲ្យចំណេះដឹង និងបញ្ជៀសបានឧបសគ្គផ្សេងៗនោះទៅតាមទំនៀមទម្លាប់គេបាននិយមតម្កល់ព្រះអង្គពីមុខច្រកចូលផ្ទះ អាគារ ឫប្រាសាទដើម្បីគោរពបូជា ត្បិតព្រះអង្គជាទេពកំចាត់រាល់ឧបសគ្គនិងគ្រោះចង្រៃទាំងឡាយ ហើយការដាក់ដំកល់ រូបសំណាកព្រះអង្គ នៅទីតាំងនេះ ក្នុងបំណងបួងសួងសុំសេចក្តីសុខសប្បាយ ដល់អ្នកធ្វើដំណើរតាមផ្លូវនេះ ជាពិសេសភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្តកែប។ 

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងបន្តឲ្យដឹងថា រូបសំណាកនេះបានកសាងឡើងដោយមានការចូលរួមឧបត្ថម្ភគាំទ្រទាំងស្រុងពី អ្នកឧញ៉ា យូ សាន្ត ការចូលរួមចំណែកបន្សល់ទុកនូវស្នាដៃពីវិស័យឯកជន ដែលមកប្រកបអាជីវកម្មនៅខេត្តកែប គឺជាការរួមគ្នា ក្នុងការអភិវឌ្ឍន៍ខេត្តទាំងមូលអោយកាន់តែរីកចម្រើន ទាំងលើហេដ្ឋារចនាសម្ព័ន្ធវិស័យផ្សេងៗទៀត។ 

អ្នកឧកញ៉ា យូ សាន្ត ម្ចាស់ផ្ទះសំណាក ផ្ទះឆ្នេរ នៅក្រុងកែបបានបញ្ជាក់ថា រូបសំណាកព្រះគណេសនេះ បានចំណាយថវិការក្នុងការកសាងអស់ប្រមាណជាង៦ម៉ឺនដុល្លា ដោយរូបសំណាកនេះធ្វើអំពីថ្មភក់ មានកម្ពស់ជិត២ម៉ែត្រ ក្នុងនោះមានការសាងសង់នូវបរិវេណសួនច្បារដ៏ប្រណិតមួយផងដែរ។ 

អ្នកឧកញ៉ាបន្ថែមថា ក្នុងការកសាងរូបសំណាកនៅទីនេះក្នុងបំណងចូលរួមជាមួយរដ្ឋបាលខេត្តកែប ក្នុងការលើកកម្ពស់ការកែលំអសោភណ្ឌភាពសាធារណៈនៅខេត្តកែប ជាពិសេសក្រុងកែប អោយមានភាពស្រស់ស្អាត សាកសមជាខេត្តទេសចរណ៍ ហើយក៏ជាការបន្សស់ទុកកេរ្តិ៍មរតកសម្រាប់ខេត្តកែបផងដែរ ក្នុងនាមលោកជាអ្នកប្រកបអាជីវកម្មនៅទីនេះ។អ្នកឧកញ៉ាបានរំលេចឱ្យដឹងថា រូបសំណាកព្រះគណេសអង្គនេះ យ៉ាងហោច ក៏អាចនៅស្ថិតស្ថេរភាពគង់វង្សមិនក្រោម១០០ឆ្នាំនោះឡើយ។(សឹង រ៉ាត់)