ភ្នំពេញ៖ ជនត្រូវចោទម្នាក់ ជានាយកក្រុមហ៊ុន អ៊ី ស្គូល ខេមបូឌា និងជាគ្រូជោគជ័យ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅឃុំក្នុងពន្ធនាគារព្រៃ.ស (ម១) ជាបណ្តោះអាសន្នពាក់ព័ន្ធករណី ឆបោក និងក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែមិថុនា ឆ្នាំ២០២៣នេះ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ លន់ បូរី ភេទប្រុស អាយុ ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ៤១ ផ្លុវលេខ១៧៣ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុនពេលកម្លាំងកងរាជអាវុធហត្ថធ្វើការចាប់ឃាត់ខ្លួន ជននេះបានអះអាងថា ខ្លួនជាម្ចាស់ក្រុមហ៊ុន អ៊ី ស្គូល ខេមបូឌា និងជាគ្រូជោគជ័យទៀតផង នេះបើតាមការអះអាងរបស់ភាគីម្ចាស់បំណុល ឬភាគីដើមបណ្ដឹងសំណុំរឿងព្រហ្មទណ្ឌ។
តាមប្រភពព័ត៌មាន បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ លន់ បូរី ម្ចាស់ក្រុមហ៊ុន អ៊ី ស្ពូល ខេមបូឌា និងជាលោកគ្រូជោគជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ៦៦៨៣ ចេញដោយលោក អួង វុទ្ធា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ ជនត្រូវចោទចាប់ត្រូវសមត្ថកិច្ចប៉េអឹម ចាប់ខ្លួននៅជិតផ្សារទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយពីចាប់ខ្លួនសមត្ថកិច្ចបានបញ្ជូនទៅកាន់តុលាករ រួមចៅក្រមស៊ើបសួរសម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃ.ស (ម១) ជាបណ្តោះអាសន្ន ក្រោមបទចោទ: ឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង គឺដាក់ប្លង់ដីទ្រព្យធានាមិនប្រក្រតីដែលមានតម្លៃទឹកប្រាក់ប្រមាណ ២៥ម៉ឺនដុល្លារ។
លោក អួង វុទ្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា “ឈ្មោះ លន់ បូរី ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ: ឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលអំឡុងខែមិថុនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ , មាត្រា ៣៧៨ , មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។
បច្ចប្បន្ន ជនត្រូវចោទត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ក្នុងពន្ធនាគារព្រៃ.ស (ម១) ដើម្បីរងចាំការអនុវត្តនិវិធីតាមផ្លូវតុលាការ៕