2023-09-02 15:21
587

ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នេះបានសរសេរនូវអត្ថបទមួយ ដែលមានចំណងជើងថា «គោលនយោបាយអាទិភាព ៦ចំណុចរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ជាក្តីសង្ឃឹមដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ»

 នៅក្នុងអត្ថបទរបស់លោក ប៉ែន បូណា "រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរទៀងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ឲ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ២០២៣ នេះតទៅនូវគោលនយោបាយអាទិភាព ៦ចំណុចដែលជាក្តីសង្ឃឹមដ៏រឹងមាំរបស់រដ្ឋ

 ទី១៖ ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺនៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។

 ទី២៖ យុវជនដែលជាកូនអ្នកក្រីក្រនិងងាយរងគ្រោះនឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។

 ទី៣៖ ពលរដ្ឋក្រីក្រនិងងាយរងគ្រោះនឹងទទួលបាននូវភាពកក់ក្តៅតាមរយៈកម្មវិធីជាតិជំនួយសង្គមដែលនឹងត្រូវពង្រឹងឲ្យទៅជាកម្មវិធីជាតិរឹងមាំមួយ ពោលគឺ នៅពេលពលរដ្ឋជួបវិបត្តិឫហានិភ័យផ្សេងៗ កម្មវិធីជាតិជំនួយសង្គមនិងរង់ចាំជួយពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់។

 ទី៤៖ អ្នកប្រកបរបរក្រៅប្រព័ន្ធនិងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិឫហានិភ័យផ្សេងៗ។

 ទី៥៖ ប្រជាកសិករនិងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេសគឺទទួលបាននូវការការពារតម្លៃកសិផលឲ្យបានសមរម្យ ដោយមិនឲ្យកសិករខាតបង់ឡើយ។

 ទី៦៖ រាជរដ្ឋាភិបាល និងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករ នៅគ្រប់ឃុំ-សង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករ នៅទូទាំងប្រទេស ដើម្បីការពារផលប្រយោជន៍របស់កសិករ។

 សរុបមកវិញ គោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាគោលនយោបាយគាំពារប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ។ គោលនយោបាយនេះ គឺជាក្តីសង្ឃឹមយ៉ាងកក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ បន្តពីរាជរដ្ឋាភិបាលសម្តេចតេជោ៕