2023-09-04 16:22
309

ភ្នំពេញ៖ ជំនួបពិភាក្សាការងរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជាលទ្ធផល «គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនិស្តចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅ ការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិននៅ ក្នុងយុគសម័យថ្មី»

 ជំនួបរវាងគណបក្សប្រជាជនកម្ពុជា ឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ធ្វើឡើងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ឯកឧត្តម លីវ ជានឆាវ នឹងបំពេញទស្សនៈកិច្ចនៅកម្ពុជារយៈពេល ០២ថ្ងៃ គឺថ្ងៃទី០៣ និងទី០៤ ខែកញ្ញា។ 

 សម្រាប់កិច្ចពិភាក្សាបានផ្តោតលើប្រធានបទទ្វេភាគីជាច្រើន ដែលផ្ដល់ប្រយោជន៍ទៅវិញទៅមក រួមមាន សភាពការណ៍ក្រោយការបោះឆ្នោតនៅកម្ពុជា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព កម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរ។ 

 នៅក្នុងឱកាសនៃការប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព កម្ពុជា-ចិន ភាគី ទាំងពីរបានពិភាក្សាអំពីផែនការសកម្មភាព ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យ រួមមាន ទំនាក់ទំនងនយោបាយ ការទូត ការពង្រីកពាណិជ្ជកម្ម ការសម្របសម្រួលការវិនិយោគ ការលើកកម្ពស់វិស័យ ទេសចរណ៍ ការផ្លាស់ប្តូរលើវិស័យអប់រំ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យ សន្តិសុខ។ 

 ឯកឧត្តម លីវ ជានឆាវ បានបញ្ជាក់នូវការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសចិន ក្នុងការគោរពអធិបតេយ្យ របស់កម្ពុជា និងបានពាំនាំនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ឯកឧត្តមអគ្គលេខាធិការបក្ស ស៊ី ជិនភីង ចំពោះរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាម លក្ខខណ្ឌជាតិរបស់កម្ពុជា។

 គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់សារជាថ្មីពីការប្ដេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តពង្រឹងនិងពង្រីក កិច្ចសហការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងលើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ គណបក្ស ប្រទេស និងប្រជាជនទាំងពីរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយអភិវឌ្ឍន៍ ជាច្រើនរបស់ប្រទេសចិន រួមមានការផ្ដល់វ៉ាក់សាំងជំងឺកូវីដ-១៩ និងអាហារូបករណ៍ ដែលបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ថែមទាំងបានជួយពង្រឹងការ កសាងជាតិនិងចូលរួមកាត់បន្ថយភាពក្រីក្រ។ 

 គណបក្សទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះសន្ទុះដ៏រឹងមាំ និងប្រកបដោយថាមវន្តនៃភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីវិបុលភាព សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងប្តេជ្ញាបង្កើនទំនាក់ទំនងគ្រប់ថ្នាក់ គ្រប់ផ្នែក ជាពិសេសអង្គការមហាជន និងយុវជន ព្រមទាំងរួមគ្នាដើម្បីធ្វើឱ្យគម្រោង «ផ្ទះយុវជនសម្រាប់មិត្តភាពកម្ពុជា-ចិន» ដំណើរការបានល្អប្រសើរ។ 

 គណបក្សទាំងពីរ បានវាយតម្លៃខ្ពស់អំពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូររវាងគណបក្សទាំងពីរ ដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព របស់សម្តេចតេជោប្រធានគណបក្ស។ គណបក្សទាំងពីរនឹងប្តេជ្ញាបន្តការប្រាស្រ័យទាក់ទងគ្នា ការផ្លាស់ប្តូរ ទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ៕