2023-09-04 16:23
263

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ត ជាប្រធានគណម្មាធិការសាខាខេត្តកំពង់ចាម បានលើកឡើងថា «សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាសុខទុក្ខរបស់កាកបាទក្រហមកម្ពុជា»។ 

 លោក អ៊ុន ចាន់ដា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ ខណៈពេលលោកដឹកនាំក្រុមការងារកាកបាតក្រហមខេត្ត អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ចំនួន ០២​ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ តាមរយៈសាខាខេត្តកំពង់ចាម ផ្តល់ជូនប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ០២គ្រួសារ​ នៅស្រុកកំពង់សៀម​ និងស្រុកកងមាស។ 

 ​គួរបញ្ជាក់ថា ពិធីប្រគល់ផ្ទះមនុស្សធម៌ខាងលើ គឺជាផ្ទះទី១៥ និងទី១៦ ដែលមានទីតាំង ០២កន្លែងផ្សេងគ្នា ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាលាគណខេត្ត ជូនពលរដ្ឋទ័លលំបាក ០២គ្រួសារ រួមមាន៖ 

 -គ្រួសារទី១ ឈ្មោះ ញ៉ិល សុខនី អាយុ ៤៩ឆ្នាំ រស់នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម មានប្តីឈ្មោះ ស្រឿន សារិន អាយុ ៥១ឆ្នាំ ជាជនពិការភ្នែក និងជើង មិនអាចធ្វើការបាន។

 - គ្រួសារទី២ ឈ្មោះ ឡុំ ស្រីតូច អាយុជាង ៤០ឆ្នាំ រស់នៅភូមិអន្លង់អកកើត ឃុំសូរគង ស្រុកកងមាស ជាស្រ្តីមេម៉ាយពិការភ្នែក មានកូនស្រី ០១នាក់ អាយុ ៣ឆ្នាំ។ 

 សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលឡើយ”៕