2023-09-06 11:30
298

ព្រះសីហនុ៖ មុខសញ្ញាជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេចភ្លាមរត់គេចមិនរួចជាប់អន្ទាក់សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ ចាប់វ៉ៃខ្នោះដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ 

ករណីអំពើឆក់ខាងលើ កើតឡើងនៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨និង៥០នាទី នៅចំណុច ផ្លូវផ្ទះតាឆេរ ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យម្នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានផ្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ ខណៈពេលកំពុងជិះម៉ូតូតាមផ្លូវជាមួយកូនស្រី បណ្តាលឲ្យដួលម៉ូតូរងរបួសដាច់រលាត់ជាច្រើនកន្លែង។ 

បន្ទាប់ពីទទួលបានព័ត៌មាន ស្តីពីករណីឆក់នេះភ្លាម លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានដាក់កម្លាំងតាមស្វែងរកជនសង្ស័យ រហូតប្រទះឃើញជនសង្ស័យ ត្រង់ចំណុច មុខផ្សារចិន សមត្ថកិច្ចក៏ស្ទាក់ឃាត់ ប៉ុន្តែមុខសញ្ញាព្យាយាមបើកម៉ូតូរត់គេចខ្លួន ត្រូវកម្លាំងសមត្ថកិច្ចដេញប្រផាប់ចាប់ប្រភីង ដល់ផ្លូវចំណោតហាង តាផលលើភ្នំ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យបានយកកាបូបដែលធ្វើសកម្មភាពឆក់បានគប់មកលើសមត្ថកិច្ច រួចបន្តដេញតាមជនសង្ស័យរហូតដល់ចំណុចផ្លូវខ្សែរកាបសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ទើបស្ទាក់ចាប់ឃាត់ខ្លួនបាន។

នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រើន ភារិន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចោរឆក់ ស្នាក់នៅការដ្ឋានសំណង់ ផ្លូវខ្សែកាប ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ចំពោះវត្ថុតាងចាប់យកបាន ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានផ្លាកលេខ មធ្យោបាយជិះប្រព្រឹត្តិបទល្មើស កាបូបស្ពាយចំហៀង ០១ ពណ៌ក្រហម ដែលជាផលនៃអំពើចោរកម្ម នៅក្នុងកាបូបមាន លុយដុល្លារ ចំនួន ២,២០០ដុល្លារ លុយខ្មែរ ចំនួន ១លានរៀល ខ្សែដៃមាស ០១ខ្សែ ទម្ងន់ ០២ដម្លឹង និង០៣ជី ទូរស័ព្ទដៃ ចំនូន ០២គ្រឿង (ម៉ាក IPHONE 14 PRO ពណ៌ស្វាយ និងម៉ាក OPPO ពណ៌ខៀវ)។ ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ៕