2023-09-06 15:12
291

ភ្នំពេញ៖ ភ្នាក់ងារគយប្រទេសបារាំង បានរឹបអូសរូបចម្លាក់លឹប ០១ផ្ទាំងរបស់កម្ពុជា និងបានប្រគល់ជូនស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង ដើម្បីនាំយកមករក្សាទុកជាកេរ្តិ៍ដំណែលវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់។

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ លោក កើត សោផាន់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងលីយ៉ុង ដើម្បីទទួលយកចម្លាក់លឹបមួយផ្ទាំង ដែលត្រូវបានភ្នាក់ងារតយបារាំងរឹបអូសបាន។

ពិធីប្រគល់សម្បត្តិបេតិកភណ្ឌវប្បធម៌នេះ ត្រូវបានធ្វើឡើងនៅនាយកដ្ឋានគយអន្តរតំបន់ និងសិទ្ធិប្រយោល នៃទីក្រុងលីយ៉ុង ក្រោមអធិបតីភាពរបស់លោក Eric MELINER នាយកគយអន្តរតំបន់ Arvergne-Rôre-Apes និងលោកស្រី Juliete BOSSART-TRIGNAT ប្រតិភូខេត្តលីយ៉ុង ទទួល បន្ទុកកិច្ចការការពារ និងសន្តិសុខតំបន់។

សូមជម្រាបថា ចម្លាក់លឹបនេះ ធ្វើពីថ្មភក់មានប្រាំបំណែកកសាងឡើង នៅសតវត្សរ៍ទី១២ ឬទី១៣ និងមានទម្ងន់ប្រហែល ៣០០គីឡូក្រាម អាចមានប្រភពមកពីប្រាសាទព្រះខ័នកំពង់ស្វាយ ឬពីប្រាសាទបន្ទាយឆ្មារ។ ចម្លាក់នេះត្រូវបានគេលួចកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ និងត្រូវបានរឹបអូសនៅក្នុងក្របខ័ណ្ឌ នៃប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងរបស់ក្រុមហ៊ុនលក់ដេញថ្លៃវត្ថុបុរាណមួយកន្លែង នៅទីក្រុងយ៉ុង កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក កេត សោផាន់ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរបារាំងពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុង ការបំពេញការងារបានយ៉ាងល្អ។ ឯកអគ្គរាជទូតរូបនេះ បានគូសបញ្ជាក់ថា «ការប្រគល់សម្បត្តិបេតិកភណ្ឌវប្បធម៌ នេះឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងបារាំង»។

ជាចុងបញ្ចប់ ការប្រគល់ចម្លាក់នេះដែលតំណាងឱ្យផ្នែកមួយនៃប្រវត្តិសាស្ត្រ និងជាបំណែក នៃដួងព្រលឹងអាណាចក្រខ្មែរ ក៏នឹងអនុញ្ញាតឱ្យមានការរួមផ្គុំឡើងវិញនៃដួងព្រលឹងជាតិ និងអត្តសញ្ញាណខ្មែរផងដែរ៕