2023-09-06 15:34
453

កោះកុង៖ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកោះកុង ដែលសំបូររឿងអាស្រូវនាពេលកន្លងមក ពាក់ព័ន្ធករណីឃុបឃុតបើកឲ្យមានបទល្មើសនេសាទដោយខុសច្បាប់ និងធ្លាប់កាត់លក់ដីរដ្ឋជាដើម ពេលនេះត្រូវបានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម សម្រេចផ្អាកតួនាទី និងភារកិច្ចជាបណ្តោះសន្ន រងចាំមានការសម្រេចសារជាថ្មី។ 

យោងតាមសេចក្តីសម្រេច របស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានបញ្ជាក់ថា «ត្រូវបានផ្អាកតួនាទី និងភារកិច្ចជាបណ្ដោះអាសន្ន លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចំពោះភាពមិនប្រក្រតីនៃការអនុវត្តការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរ និងបានចាត់តាំងលោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ ជាអនុប្រធានទទួលបន្ទុករួម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង»។  

ក្នុងសេចក្តីសម្រេច របស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា «អនុប្រធានទទួលបន្ទុករួម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង មានភារកិច្ចដឹកនាំ និងគ្រប់គ្រងការងាររបស់មន្ទីររហូតដល់មានការសម្រេចជាថ្មី របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។ 

ដូច្នេះ អគ្គលេខាធិការ អគ្គាធិការ ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស ប្រធាននាយកដ្ឋានកិច្ចការ រដ្ឋបាល ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្ត សេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ សូមរំឭកដែរថា លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ក្នុងពេលកាន់តំណេង បានប្រើប្រាស់អំណាចតួនាទីជាប្រធានមន្ទីរយកដីរដ្ឋលក់ និងប្រព្រឹត្តិនូវទង្វើអសកម្មមួយចំនួនរហូតដល់ថ្នាក់ក្រសួងបានចេញលិខិតព្រមានចំនួនពីរលើក ប៉ុន្តែលោកប្រធានមន្ទីរកសិកម្មរូបនេះនៅតែឈរជើងរឹងមាំដដែល កាលពីសម័យលោក វ៉េង សាខុន ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម។ 

នាពេលកន្លងមក លោក អ៊ី ម៉េងលាង ធ្លាប់ផ្ទុះរឿងរ៉ាវអាស្រូវលក់ដីរដ្ឋដែលជាទ្រព្យសម្បត្តិរបស់ក្រសួងកសិកម្ម ហើយករណីនេះ ក្រសួងបានចេញលិខិតចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ដើម្បីឲ្យលោក អ៊ី ម៉េងលាង ធ្វើការដោះស្រាយបន្ទាប់ពីក្រសួងបានចុះធ្វើអធិការកិច្ច លើការគ្រប់គ្រងទ្រព្យសម្បត្តិរបស់មន្ទីរកសិកម្ម។ 

ក្នុងលិខិតរបស់លោក វ៉េង សាខុន អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចង្អុលឲ្យលោក អ៊ី ម៉េងលាង បង្កើនយកចិត្តទុកអនុវត្តកែលម្អចំពោះចំណុចខ្វះខាតដែលក្រសួងបានណែនាំកន្លងមក។ ក្នុងនោះត្រូវរក្សាដីសត្វឃាតដ្ឋានជាដីកសិកម្មរបស់មន្ទីរដដែល រងចាំការសម្រេចរបស់រាជរដ្ឋាភិបាលជាមុនសិន។ 

ក្រោយពីរឿងរ៉ាវលក់ដីរដ្ឋបានស្ងប់ស្ងាត់មួយរយៈស្រាប់តែស្ងាត់ៗបែកធ្លាយពុករលួយបើកឲ្យមានទូកនេសាទវៀតណាម ថៃ តូចធំ ចូលមកនេសាទក្នុងដែនកម្ពុជាថ្នូរនឹងផលលាភផ្ទាល់ខ្លួន រហូតបិទបាំងមិនជិតថ្នាក់លើសម្រេចផ្អាកតួនាទី និងភារកិច្ចជាបណ្តោះសន្នឲ្យមកអង្គុយក្នងប៊ុយរ៉ូអានកាសែតតែម្តង៕