2023-09-08 15:28
328

(សៀមរាប)៖     កម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើអ្នកដទៃ ដោយជិះម៉ូតូតាមវាយ និងធាក់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល និងរងរបួស។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រុមជនរងគ្រោះមានគ្នាចំនួន៥នាក់ បាននាំគ្នាជិះម៉ូតូចំនួន២គ្រឿង ចេញពីមើលកុន នៅក្នុងក្រុងសៀមរាប ឌុបគ្នាត្រឡប់មកផ្ទះវិញ នៅក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង។

លុះដល់ចំណុច ភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រាប់តែមានមនុស្សប្រុសមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ បើកម៉ូតូ១គ្រឿង ប្រដេញពីក្រោយ ហើយបានវាយទៅលើជនរងគ្រោះ ឈ្មោះ រិទ្ធ តូអី ភេទប្រុស អាយុ២២ឆ្នាំ និងបន្តតាមធាក់ទៅលើម៉ូតូក្រុមជនរងគ្រោះបណ្តាលឲ្យដួល និងទៅបុកបង្កាន់ដៃស្ពាន ធ្វើពីដែកបណ្តាលឲ្យជនរងគ្រោះឈ្មោះ រិទ្ធ តូអី ភេទប្រុស រងរបួសបាក់ឆ្អឹងកំភួនដៃខាងស្តាំ និងរបួសដាត់រលាត់ភ្លៅ និងត្រគាកផ្នែកខាងស្តាំ ចំណែកឈ្មោះ លី សៀវឡាវ ភេទស្រី រងរបួសបាក់ឆ្អឹងស្មងជើងខាងស្តាំង និងដាច់រលាត់ស្បែកភ្លៅ និងត្រគាកផ្នែកខាងស្តាំ ត្រូវដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ នៅឯក្រុងសៀមរាប។

បន្ទាប់ពីទទួលព័ត៌មាន និងពាក្យបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលមូលដ្ឋាន បានសហការជាមួយនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះស្រាវជ្រាវ បើកការស៊ើបអង្កេត រហូតឈានដល់កំណត់មុខសញ្ញា នឹងឃាត់ខ្លួនបាន ក្រុមជនសង្ស័យចំនួន០៣ នាក់ យកមកសាកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង។

ជនសង្ស័យទី១៖ ឈ្មោះ ឡី សំណាង អាយុ២១ឆ្នាំ មុខរបរជាងដែក ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង, ទី២៖ ឈ្មោះ ជុង សិទ្ធ អាយុ១៥ឆ្នាំ មុខរបរ (គ្មាន) ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងទី៣៖ ឈ្មោះ ឃៀន ថៃ អាយុ២២ឆ្នាំ មុខរបរ (គ្មាន) ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិត្រពាំងថ្នល់ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បន្ទាប់ពីសាកសួរក្រុមជនសង្ស័យខាងលើបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ល្មើសខាងលើ ពិតប្រាដកមែន ដោយឈ្មោះ ឃៀន ថៃ អាយុ២២ឆ្នាំ ជាអ្នកបើកម៉ូតូ, ឈ្មោះជុង សិទ្ធ អាយុ១៥ឆ្នាំ អង្គុយកណ្តាល ចំណែកឈ្មោះឡី សំណាង អាយុ២១ឆ្នាំ អង្គុយខាងក្រោយ ធ្វើសកម្មភាពវាយទៅលើឈ្មោះ រិទ្ធ តូអី ចំនួន១ដៃ ហើយដកខ្សែក្រវ៉ាត់ បម្រុងវាយបន្ថែមទៀត តែជនរងគ្រោះ បើកម៉ូតូគេចទៅបុងបង្កាន់តែស្ពានតែម្តង។ មូលហេតុដោយសារ ជនសង្ស័យខឹងជនរងគ្រោះ បើកម៉ូតូបញ្ចាំងភ្លើងហ្វាចាំងភ្នែក។

យោងតាម ពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងដោយមានការ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងលោកស្នងការរង ទទួលផែនព្រហ្មទណ្ឌ កម្លាំងជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ ដើម្បីបញ្ជូនបន្តទៅតុលាការចាត់ការតាមនីតិវិធី៕