2023-09-09 16:50
440

កំពង់ស្ពឺ៖ លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលទើបនឹងឡើងកាន់តំណែងថ្មីៗ សម្រាប់ក្បាលម៉ាស៊ីនដឹកនាំថ្មី ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា បានសំដែងការគាំទ្រការធ្វើកំណែទម្រង់មុខងារសាធារណៈ និងធ្វើយ៉ាងណាខិតខំប្រឹងប្រែងពន្លឿនយន្តការដ៏មានសារៈសំខាន់នេះឲ្យសម្រេចបានកាន់តែឆាប់រហ័ស គឺការប្រឡងចូលក្របខណ្ឌមន្ត្រីរាជការ ត្រូវមានតម្លាភាព យុត្តិធម៌ «អ្នកចេះ គឺជាប់»។ 

 លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា «ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  បានលើកឡើងថា នឹងរៀបចំយន្តការថ្នាក់ជាតិមួយ ដោយរៀបចំឱ្យមានការប្រលងយន្តការថ្នាក់កណ្ដាល ដែលសហការជាមួយក្រសួងជំនាញ ដើម្បីធានាឱ្យបាននូវសង្គតភាព ភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ហើយធានាឱ្យបាន អ្នកចេះ គឺជាប់»។ 

 ថ្លែងក្នុងពិធីពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  សម្តេចបានអំពាវនាវបន្ថែមទៀតថា «ដើម្បីឲ្យកិច្ចការកំណែទម្រង់មានប្រសិទ្ធិភាព ត្រូវមានការដាច់ខាត ប្តេជ្ញាធ្វើទាំងអស់គ្នា ហើយបង្ហាញឱ្យឃើញពីឆន្ទៈ និងការខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើហ៊ានអាកាត់ ហ៊ានវះកាត់ ហើយជាពិសេស ហ៊ានអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលបានសម្រេច»។ 

 លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ  ខ្ញុំពិតជាមានសេចក្តីរីករាយ  និងមានកិត្តិយស ដោយបានក្លាយជាផ្នែកមួយ  ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងកិច្ចការកំណែទម្រង់វិស័យមុខងារសាធារណៈ។  ក្នុងន័យនេះ ខ្ញុំគាំទ្រឥតងាករេ លើប្រសាសន៍ និងគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យមុខងារសាធារណៈ  និងធ្វើយ៉ាងណាខិតខំប្រឹងប្រែងពន្លឿនយន្តការដ៏មានសារៈសំខាន់នេះ ឲ្យសម្រេចបានកាន់តែឆាប់រហ័ស»។ 

 សូមជម្រាបថា ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ-សហគ្រាស ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១៤ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី០៩ កញ្ញា ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យផ្អាកជាបណ្តោះអាសន្ន ចំពោះការរៀបចំការប្រឡងក្របខណ្ឌក្នុងការជ្រើសរើសមន្ត្រីគ្រប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ដើម្បីទុកពេលឱ្យមានការរៀបចំយន្តការរួម តាមរយៈគណៈកម្មាការដែលមានក្រសួងមុខងារសាធារណៈទទួលបន្ទុកក្នុងការដឹកនាំរៀបចំ ដោយនឹងមានការប្រឡងព្រមគ្នា ក្នុងក្របខណ្ឌថ្នាក់ជាតិតែម្តង។ 

 នេះជាគោលការណ៍ក្នុងការធ្វើកំណែទម្រង់វិស័យសាធារណៈ ជាពិសេសលើការប្រឡងចូលបម្រើការជាមន្ត្រីរាជការក្នុងក្របខណ្ឌទូទាំងប្រទេសដោយប្រកាន់គោលការណ៍  តម្លាភាព យុត្តិធម៌ អ្នកចេះ  គឺជាប់