2023-09-12 15:09
237

(កំពត)នៅថ្ងៃទី ១២ ខែកញា ឆ្នាំ២០២៣នេះ លោក អូន ខន អភិបាលស្រុកកំពង់ត្រាចបានប្រាប់ឲ្យដឹងថា ភ្នំកំពង់ត្រាចបានប្រែក្លាយជាតំបន់រមណីយដ្ឋានក៏ជាទិសដៅទាក់ទាញភ្ញៀវទេសចរណ៍របស់កម្ពុជាក៏ដូចជាខេត្តកំពត។

បន្ទាប់ពីអាជ្ញាធរបានស្ថាបនាផ្លូវបេតុងក្រវ៉ាត់ចូលតាមជើងភ្នំរួចមក ក្នុងការធ្វើដំណើរទៅកាន់កន្លែងដើរលេងកម្សាន្តសំខាន់ៗនៅជុំវិញរមណីយដ្ឋានភ្នំកំពង់ត្រាច កាន់តែមានភាពងាយស្រួលជាងមុន។

ការណ៍នេះ អ្នកវិនិយោគ និងពលរដ្ឋបានបង្កើតកន្លែងផ្តល់សេវាកម្មទេសចរណ៍ផ្សេងៗជាច្រើន និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តច្រើនជាងមុន ធ្វើឱ្យពលរដ្ឋនៅតំបន់នោះក៏រកចំណូលបានបន្ថែម។

កូនភ្លោះជើងភ្នំឈ្មោះ កញ្ញា ស្រី ធំ ម្ចាស់អាហារដ្ឋានបានឱ្យដឹងថា បន្ទាប់ពីអាជ្ញាធរបានស្ថាបនាផ្លូវបេតុងតភ្ជាប់ចាប់ពីផ្លូវជាតិលេខ៣៣ ចូលមកភ្នំកំពង់ត្រាច និងផ្លូវបេតុងក្រវ៉ាត់ជើងភ្នំរួចមក បានសង្កើតឃើញថា មានអ្នកវិនិយោគ និងប្រជាពលរដ្ឋបានមកបើកជាអាហារដ្ឋាន និងកន្លែងសម្រាកលម្ហែនៅជុំវិញបរិវេណតំបន់រមណីយដ្ឋានភ្នំកំពង់ត្រាចជាច្រើនកន្លែងគួរឱ្យកក់សំគាល់។

សម្រាប់អាហារដ្ឋាននេះ ក៏មានភ្ញៀវទេសចរចូលសម្រាកលំហែរកម្សាន្ត និងជួយគាំទ្រច្រើនដោយសាររស់ជាតិម្ហូបអាហារ និងសេវាកម្មល្អមានតម្លៃសមរម្យ។
ចំណែកឯម្ចាស់ហាងកាហ្វេរភ្នំស អ្នកស្រី លឹម លីកីន ដែលមានទីតាំងជិតតំបន់រមណីយដ្ឋានភ្នំកំពង់ត្រាចនោះដែរ បានបានប្រាប់ឱ្យដឹងថា ទើបនឹងបើកដំណើរការបានប្រហែលជាមួយឆ្នាំប៉ុណ្ណោះ ហើយបន្ទាប់ពីមានផ្លូវល្អកំណើនទេសចរ និងភ្ញៀវទូទៅបានទៅលេងកម្សាន្តច្រើនជាងមុន។

ដោយស្ថានភាពសេដ្ឋកិច្ចកម្ពុជាបន្តល្អឡើងវិញ ហើយភ្ញៀវទេសចរបន្តមានកំណើនដែរនោះ អ្នកស្រីគ្រោងនឹងបង្តើតជា រីស៊ត មួយបន្ថែមទៀតនៅតំបន់នោះ។

ជាភ្ញៀវទេសចរក្នុងស្រុក ដែលឧស្សាហ៍ទៅលំហែរកម្សាន្តនៅតំបន់ភ្នំកំពង់ត្រាច លោក យ៉ាំ បានបង្ហាញពីអារម្មណ៍ថា រាល់ពេលទំនេរពីការងារ លោកតែងតែទៅសម្រាកកម្សាន្តនៅរមណីយដ្ឋានកំពង់ត្រាច ព្រោះថាទីនោះ មានកន្លែងកម្សាន្តច្រើន បរិយាកាស និងទេសភាពធម្មជាតិស្រស់ស្រាយ មានភាពទាក់ទាញ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងបំបាត់ភាពស្មុគស្មាញ ពិសេសមានអាហារឆ្ងាញ់ៗ មានតម្លៃសមរម្យទៀតផង។

លោក អូន ខន អភិបាលស្រុកកំពង់ត្រាចបានប្រាប់ឲ្យដឹងថានាបច្ចុប្បន្ននេះអាជ្ញាធរ និងជំនាញបានកំពុងយកចិត្តទុកដាក់រៀបចំកែលម្អសោភណ្ឌភាព ពិសេសការលើកកម្ពស់គុណភាពផ្លូវក្រាលគ្រួស មកជាផ្លូវបេតុងជាបន្តបន្ទាប់ ទៅតាមដំណាក់កាល ដើម្បីទាក់ទាញភ្ញៀវទេចរ អ្នកវិនិយោគ ព្រមទាំងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋនៅតំបន់នោះ ដើម្បី លើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។(សឹង រ៉ាត់)