ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦និង០០នាទី នៅចំណុចភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពៅ សុវន្ត័ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ០,៦០ក្រាម ។
-ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1E-3381 ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ព្រឿន ភារម្យ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៩ថង់ ទម្ងន់ ៣,២៨ក្រាម ។
-សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
-ប្រាក់ខ្មែរចំនួន ៣០,០០០៛ (បីម៉ឺនរៀល)
-ទូរសព្ទ័ដៃចំនួន ០១គ្រឿង។
នាពេលនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែកំពុងកសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់បន្ត៕