(ព្រះសីហនុ)៖ នារីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវបានរថយន្តដឹកដីមួយគ្រឿង ក្នុងចំណោមរថយន្តជាច្រើនគ្រឿងទៀត បើកមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកពេញទំហឹងអូសចម្ងាយជាង ១០ម៉ែត្រ ខណៈដែលយុវតីរងគ្រោះកំពុងឈប់រង់ចាំភ្លើងស្តុប។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧៖១០នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបំបែកស្តុបអាចម៍មឹក ស្ថិតក្នុងក្រុម៦ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញនារីរងគ្រោះ ធ្វើដំណើរពីកើតទៅលិចរហូតមកដល់ចំណុចផ្លូវបំបែកភ្លើងស្តុប បានឈប់រង់ចាំ ខណៈនោះមានរថយន្តដឹកដីមួយគ្រឿងធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿនហើយវ៉ាជែងគ្នា រួចក៏បន្តទៅវ៉ារថយន្តអាផាតមួយគ្រឿងទៀត ពេលនោះធ្វើឲ្យរថយន្តបង្កបានរេចង្កូតមកឆ្វេង បុកនារីរងគ្រោះដែលកំពុងឈប់ស្តុបពេញទំហឹងអូសចម្ងាយជាង១០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ភ្លាមៗនោះប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ ក៏បានស្ទាក់ចាប់ឃាត់តៃកុងរថយន្តបាន និងបញ្ជូនមកឲ្យសមត្ថកិច្ចដើម្បីសួរនាំ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា រថយន្តបង្កម៉ាក់ SCANIA ធន់ធំប្រភេទដឹកដី ព័ណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 3F-4316។
សម្រាប់វត្ថុតាងត្រូវកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្ទូចយកទៅរក្សាទុក ខណៈជនបង្កត្រូវបានឃាត់ខ្លួនយកទៅសួរនាំដើម្បីបន្តនីតិវិធីច្បាប់ ចំណែកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ជាមួយគ្នានេះ ក៏មានមតិរិះគន់ជាច្រើនបានបង្ហាញអារម្មណ៍ថា បច្ចុប្បន្ននេះនៅចំណុចតាមបណ្ដោយផ្លូវកើតហេតុខាងលើ ចាប់ពីឆ្នេរកន្ទុយនាគរហូតមកដល់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ភ្ញៀវទេសចរណ៍ ក៏ដូចប្រជាពលរដ្ឋ មានការលំបាកធ្វើដំណើរខ្លាំង ដោយសារតែក្រុមរថយន្តដឹកដីជាច្រើនគ្រឿង ក្នុងមួយថ្ងៃមួយថ្ងៃដោយរថយន្តទាំងនោះ ដឹកពុំបានគ្របបិតបាំងឲ្យបានត្រឹមត្រូវនោះទេ ធ្វើឱ្យដីហុយធ្លាក់រប៉ាត់រប៉ាយនៅលើផ្លូវ។
លើសពីនេះទៅទៀត រថយន្តទាំងនោះបើកក្នុងល្បឿនលឿន វ៉ាជែងមិនប្រុងប្រយ័ត្ន ដោយពួកគេពុំខ្វាយខ្វល់ថា លើដងផ្លូវនេះជាផ្លូវទីប្រជុំជនក្នុងក្រុងទាល់តែសោះ។ ប្រជាពលរដ្ឋមានចម្ងល់ថា មន្ត្រីទទួលបន្ទុកជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏ដូចជាមន្ត្រីពាក់ព័ន្ធជាច្រើនទៀត កំពុងតែបណ្ដែតបណ្ដោយឲ្យក្រុមរថយន្តដឹកដីទាំងនោះ បើកបរលឿនមិនគិតពីអាយុជីវិតរបស់ពួកគាត់នោះឡើយ៕