2023-09-16 16:11
345

ខេត្តពោធិ៍សាត់៖ ដោយអនុវត្តជាប្រចាំតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ សហការជាមួយប្រជាការពារ និងកម្លាំងផែនប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញាម្សិលមិញនេះ នៅចំណុចភូមិចំការលេី ឃុំបឹងខ្នារ ស្រុកបាកាន។
    លោក នាង វុធ អធិការនគរបាលស្រុកបាកាន បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ៖១-ឈ្មោះ សុខ សិលា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសំរោងព្រៃខៀវ ឃុំមេទឹក ស្រុកបាកាន (ជាម្ចាស់ថ្នាំ) ។ ២-ឈ្មោះ យ៉េន ស្រីឌី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន (ជាប្រពន្ធម្ចាស់ថ្នាំ) ។ ៣-ឈ្មោះ ប៉ាត់ សុជារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសំរោងព្រៃខៀវ ឃុំមេទឹក ស្រុកបាកាន (អ្នកប្រើប្រាស់) ។ ៤-ឈ្មោះ ផាន ផល្លី ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិរបងរមាស ឃុំបឹងបត់កណ្តោល ស្រុកបាកាន (អ្នកប្រើប្រាស់) នឹងដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់ ទម្ងន់៣,៣៣ក្រាម សាច់ថ្នាំសុទ្ធប្រដាប់ជក់០១កំប្លេ, ទូរស័ព្ទចំនួន ០៣គ្រឿង, អំពូលសំរាប់ជក់ ០៨កំណាត់, ដែកកេះ០៥, ម៉ូតូ ០១គ្រឿង, ដាវ០១ដើម។

    បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីដោះស្រាយតាមនីតិវិធី៕