2023-09-17 10:46
336

បន្ទាយមានជ័យ៖ ស្ត្រីជនជាតិថៃម្នាក់ ជាបុគ្គលិកបម្រើការងារក្នុងហាងការ៉អូខេមួយកន្លែង បានលួចលុយក្រុមហ៊ុនអស់ជាង ១លានបាត យកទៅលេងល្បែងស៊ីសង ត្រូវបានកងរាជអាវុធក្រុងប៉ោយប៉ែតឃាត់ខ្លួនបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។ 
ស្ត្រីជនជាតិថៃជាបុគ្គលិកហាងកាតាអូខេជាប់ចោទមានឈ្មោះ សារ៉ាបាន់ អុធុមផន ហៅមុត អាយុ ២៦ឆ្នាំ ស្នាក់នៅ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ដើម្បីសាកសួរ និងកសាងសំណុំរឿង។ 
លោក វរសេនីយ៍ត្រី  នួន  នីណារ៉ូ  មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានឲ្យដឹងថា «នៅថ្ងៃទី១៥  ខែកញ្ញា  ឆ្នាំ២០២៣  មានស្រ្តីជាជនជាតិថៃម្នាក់ បានចូលលួចលុយក្នុងកុងធនាគារ របស់ក្រុមហ៊ុន ខារ៉ាអូខេ ១កន្លែង បានចំនួន ១,៣០០,០០០បាត ចូលកាសុីណូលេងល្បែងចាញ់អស់រលីង»។ លោកបន្តទៀតថា «ក្រោយពីបាត់លុយអស់ច្រើនម្ចាស់ក្រុមហ៊ុន ឈ្មោះ ម៉ឹង សុខហេង ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ដាក់ពាក្យបណ្តឹងទើបអាវុធហត្ថប៉ោយប៉ែត ចុះធ្វើការស្រាវជ្រាវឈានដល់កំណត់បានមុខសញ្ញាជនសង្ស័យ និងឃាត់ខ្លួនតែម្តង»។ 
ក្រោយពេលសាកសួរ ស្ត្រីសង្ស័យឈ្មោះ សារ៉ាបាន់ អុធុមផន ហៅមុត ជាបុគ្គលិកបម្រើការងារក្នុងហាងការ៉ាអូខេ សារភាពថា «ខ្លួនពិតជាបានលួចប្រាក់របស់ក្រុមហ៊ុន  ខារ៉ាអូខេ របស់ជនរងគ្រោះជាបន្តបន្ទាប់ សរុបចំនួន ១,៣០០,០០០បាត  ហើយប្រាក់ដែលលួចបាន គឺរូបគេយកទៅលេងល្បែងរហូតចាញ់អស់ពីខ្លួនខ្ទេច»។

លោកវរសេនីយ៍ឯក ម៉ែន  ភិរម្យ មេបញ្ជាការរងទទួលការងារស្រាវជ្រាវ  និងបង្ក្រាបបទល្មេីស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា  ការបង្ក្រាបករណីនេះ អនុវត្តន៍តាមបទបញ្ជាណែនាំរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ 
បច្ចុប្បន្ន ជនសង្ស័យ  ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយជ័យ ត្រូវបញ្ជូនទៅសាលាដំបូង នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា     ឆ្នាំ ២០២៣ នេះ  ដើម្បីអនុវត្តតាមនីតិវិធី ច្បាប់៕