2023-09-18 09:56
550

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំឲ្យថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន និងប្រជាពលរដ្ឋ រួមគ្នាធ្វើការវាយគង ទូងស្គរ ទះ ប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង ០៧និង០០ព្រឹក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាបេតិកភណ្ឌពិភពលោក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារពីប្រទេសចិនមកថា [នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្តី សម្រេច 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់ខ្លួននៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេស អារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា]។

សម្តេចធិបតិ បានបញ្ជាក់ថា «ព្រឹត្តការណ៍ថ្មីនេះ គឺជាមោទកភាពមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជាយើង ដែលកេរមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬលិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះករ កសាងក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិ ស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថា ជាកំពូលស្នាដៃដ៏មហាអស្ចារ្យនៃស្ថាបត្យកម្ម ខ្មែរ និងមានតម្លៃលេចធ្លោជាសកលដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការកសាងនូវឯកសារស្នើសុំចុះបញ្ជីបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយឆ្លងកាត់ការរៀបចំត្រួតពិនិត្យ និងវាយតម្លៃជាបន្តបន្ទាប់ដោយមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ និងមន្ត្រីជំនាញក្រោមឱវាទក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងការពិគ្រោះយោបល់ជាមួយអ្នកជំនាញការអន្តរជាតិរហូតឆ្នាំ២០២០ ទើបឯកសារនេះបានលេចចេញជារូបរាងឡើងស្របទៅតាមអនុសញ្ញា ស្តីពីការការពារបេតិកភណ្ឌពិភពលោក វប្បធម៌ និងធម្មជាតិ មុននឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦ កន្លងទៅ បានសម្រេចលើកសំណើជាផ្លូវការទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ កាលពីខែមករា ឆ្នាំ២០២១។ ផ្អែកលើសំណើរបស់រាជរដ្ឋាភិបាល មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានបញ្ជូនអ្នកជំនាញការអន្តរជាតិនៃក្រុមប្រឹក្សា អន្តរជាតិស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) មកធ្វើការវាយតម្លៃដោយផ្ទាល់នៅរមណីយដ្ឋាន ប្រាសាទកោះកេរ កាលពីខែកញ្ញា ឆ្នាំ២០២១ ហើយរហូតដល់ខែមីនា ឆ្នាំ២០២២ ទើបសម្រេចទទួលយក នូវសំណើសុំចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅដាក់ក្នុងរបៀបវារៈសម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅទីក្រុងរីយ៉ាដ(Riyadh)នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយក៏ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកសម្រេចចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

នៅក្នុងឱកាសដ៏មហាប្រសើរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសុំព្រះរាជានុញ្ញាតសម្តែងនូវអំណរព្រះគុណដ៏ ជ្រាលជ្រៅវិសេសបំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គទាំងទ្វេទ្រង់ តែងតែប្រោសប្រទាននូវការគាំទ្រយ៉ាងពេញទំហឹងជានិច្ច ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិ និងមាតុភូមិកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារជាសម្លេងពីប្រជាតិចិនមកថា «ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមធ្វើការណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងគ្រប់ស្ថាប័ននៅថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត គ្រប់មន្ទីរជំនាញ រាជធានី-ខេត្ត គ្រប់ក្រុង-ស្រុក-ខ័ណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងសូមអំពាវនាវដល់ជនរួមជាតិកម្ពុជាគ្រប់រូប ដោយមិនប្រកាន់អាយុ ស្រទាប់វណ្ណៈ ពណ៌សម្បុរ មុខរបរ និងឋានៈសង្គម រួមគ្នាធ្វើការវាយគង ទូងស្គរ ទះ ប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង ០៧និង០០ព្រឹក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមានទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជ- ធានីខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ ទីប្រជុំសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អំពាវនាវផងដែរដល់គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ និងបណ្ដាញព័ត៌មាន ទាំងអស់ មេត្តាចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ជាមោទកភាពជាតិដ៏មានសារៈសំខាន់នេះ ឱ្យបានទូលំ ទូលាយ និងអធិកអធមជាទីបំផុត។

យោងតាមចេញផ្សាយរបស់អង្គការយូណេស្កូ បានចូលអបអរសាទរប្រទេសកម្ពុជាដែលបានចុះបញ្ជីតំបន់ប្រាសាទកោះកេរ រមណីយដ្ឋានបុរាណវិទ្យា លិង្គបុរៈ ឬឆោកគគីរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ! អង្គការយូណេស្កូ ក៏បានចាត់ទុកថា «ទទួលស្គាល់ពីសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មពិសេសនៃរមណីយដ្ឋានបុរាណវិទ្យាកោះកេរ និងតម្លៃជាសាកលដ៏លេចធ្លោរបស់ខ្លួន ដែលជាកិត្តិយសដល់កេរដំណែលដ៏យូរអង្វែងនៃអរិយធម៌ខ្មែរ និងការខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដើម្បីការពាររតនសម្បត្តិរបស់ខ្លួនសម្រាប់មនុស្សជាតិជំនាន់ក្រោយ»៕