2023-09-18 15:46
301

កំពង់ស្ពឺ៖ ឯកឧត្តម ដូមិនិច វីលាម (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានកោតសសើរចំពោះសមិទ្ធផលដ៏ច្រើនឥតគណនាដែលសម្រេចបានដោយរដ្ឋបាលខេត្តកំពង់ស្ពឺ ជាពិសេសការីកចម្រើនលើវិស័យកសិកម្ម កសិឧស្សាហកម្ម ការចិញ្ចឹមសត្វ និង វិស័យវាយនភ័ណ្ឌកាត់ដេរ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើង និង អេឡិចត្រូនិច នាំចេញទៅទីផ្សារបរទេសភាគច្រើនបានផលិតចេញពីទឹកដីនៃខេត្តកំពង់ស្ពឺ។

ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា កោតសរសើររដ្ឋបាលខេត្តកំពង់ស្ពឺ នាឱ្យបានអញ្ជើញជួបសំណែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងបំណងបំពេញទស្សនៈកិច្ចស្វែងយល់ពីវិស័យសក្តានុពលរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ និងទំនាក់ទំនងសហប្រតិបត្តិការ រវាងរដ្ឋាភិបាលអង់គ្លេស និងរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅសាលាខេត្តកំពង់ស្ពឺ។

ឯកឧត្តម ឯកអគ្គរាជទូតអង់គ្លេស បានបន្តថា “តាំងពីឆ្នាំ២០១០ កន្លងមកឃើញថាកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ មានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ខ្វាត់ខ្វែងជាច្រើន និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា រឹតតែមានភាពល្អប្រសើរឡើង។ ឯកឧត្តម ក៏មានចំណាប់អារម្មណ៍លើគម្រោងជួយជនពិការដោយសារសង្គ្រាមនៅកម្ពុជា ពិសេសខេត្តកំពង់ស្ពឺ និងសហគមន៍ស្ករត្នោតកម្ពុជា ដែលបានផលិតស្ករ និងនាំចេញទៅបណ្ដាប្រទេសក្នុងតំបន់ និងអឺរ៉ុបផងដែរ។

នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ដែលកំពុងមានសង្វាក់ផលិតកម្ម កាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើង និងគ្រឿងអេឡិចត្រូនិច ព្រមទាំងបាននាំចេញនូវផ្លែស្វាយ និងដំណាប់ស្វាយ។ ឯកឧត្តមអភិបាលបានបន្ថែមថា ភូមិសាស្ត្រខេត្តកំពង់ស្ពឺ ក៏មាន ខ្សាច់ ថ្ម ថ្មម៉ាប និងដីមានជីជាតិ ក្នុងការចូលរួមលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺផងដែរ។

ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា “នៅទូទាំងខេត្តកំពង់ស្ពឺ ក៏មានបញ្ហាប្រឈមមួយចំណែកដែរលើវិស័យកសិកម្ម គឺជាក់ស្តែងខ្វះខាតប្រព័ន្ធធារាសាស្ត្រ កត្តានេះហើយបានធ្វើឲ្យបងប្អូនជាប្រជាកសិករ មួយផ្នែកធំពឹងផ្នែកទៅលើធម្មជាតិស្ទើរតែទាំងស្រុង។ បើទោះបីមានបញ្ហាប្រឈមខ្លះៗក្តី រាជរដ្ឋាភិបាលបានដោះស្រាយបញ្ហាប្រឈមជាច្រើនជូនពលរដ្ឋ ក្នុងនោះពលរដ្ឋមានការងារធ្វើ ទទួលបានប្រាក់ចំណូលខ្ពស់ ហើយធានាបាន មិនធ្វើចំណាកស្រុក ហើយជីវភាពរស់នៅមានសេចក្តីសុខ សន្តិភាព និងសុខដុមរម្យនាក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ”៕