ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០:២០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅលើស្ពានជ្រោយចង្វាថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសម្នាក់តូចចិត្តប្រពន្ធរត់ចោលមកធ្វើការនៅភ្នំពេញមិនឃេីញត្រលប់ទៅផ្ទះវិញ តូចចិត្តផឹកស្រាថ្នាំអស់មួយដប ពេលស្រវឹងក៏លួចម៉ូតូពូជិះឌុបកូនប្រុសអាយុ៣ឆ្នាំមកលោតទឹកនៅស្ពានជ្រោយចង្វាផ្អេីលសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ឃាត់ទាន់ពេលវេលា។
បុរសដែលជិះម៉ូតូឌុបកូនមកលោតទឹកនោះមានឈ្មោះ ខុន អាយុ៣០ឆ្នាំ មុខរបរ កសិករ ចំណែកប្រពន្ធឈ្មោះ ទុំ ជាបុគ្គលិកហាង ស្នាក់នៅភូមិខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល អ្នកទាំងពីរនាក់មានកូនប្រុស២នាក់ក្នុងបន្ទុកគ្រួសារ។
ប្រភពពីបុរសខាងលើបានប្រាប់អោយដឹងថា ប្រពន្ធរបស់គាត់បានចេញពីស្រុកមកធ្វេីការនៅភ្នំពេញ ម្តុំផ្លូវOCIC ជ្រោយចង្វាអស់រយៈពេលជិតមួយខែ មិនឃើញត្រលប់ទៅផ្ទះវិញទេ ហើយប្រពន្ធគាត់បានប្រាប់ថាមកធ្វើជាបុគ្គលិកលាងចាន ប៉ុន្តែពេលគាត់សួរនាំអ្នកស្គាល់ គ្នាទើបដឹងថាប្រពន្ធគាត់កុហក ដោយគាត់មិនដឹងថាធ្វើការអ្វីអោយពិតប្រាកដនោះទេ ។ ពេលគាត់ហៅប្រពន្ធត្រលប់ទៅផ្ទះវិញ ប្រពន្ធគាត់មិនព្រមត្រលប់ទៅវិញទេ និងថែមទាំងផ្តាច់ការទាក់ទង តាមទូរស័ព្ទទៀត ទើបនៅថ្ងៃកើតហេតុ នេះគាត់បានផឹកស្រាថ្នាំអស់១ដបស្រវឹងស្រឿងៗ ក៏លួចយកម៉ូតូម៉ាកហុងដាគុប ស៊េរីចាស់របស់ពូដែលចតនៅមុខផ្ទះដឹកកូនប្រុសតូចអាយុ៣ឆ្នាំក្នុងគោលបំណងមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានជ្រោយចង្វា ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋរាយការណ៍ប្រាប់ គាត់ក៏បានឡើងទៅកន្លែងកេីតហេតុឃេីញបុរសខាងលើ បម្រុងលេីកកូនប្រុសតូចអាយុ៣ឆ្នាំដែលមានរបួសរយះកែងជេីងខាងស្តាំលោតទឹកសម្លាប់ខ្លួន តែភ្លាមៗនោះកម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋស្រះចក បានចូលទៅអន្តរាគមន៍ឃាត់និងនាំចុះមកខាងក្រោមគល់ស្ពានខាងកេីតត្រង់ចំណុចរង្វង់ព្រហ្មមុខបួនដើម្បីធ្វើការសួរនាំ ។
បន្ទាប់ពីស្តាប់មូលហេតុរបស់បុរសខាងលេីនោះរួចមក សមត្ថកិច្ចក៏បាននិយាយពន្យល់ណែនាំនិងលេីកទឹកចិត្តរហូតបុរសនោះយល់ ហើយសន្យាមិនធ្វើបែបនេះទៀតទេ ។ បន្ទាប់មកសមត្ថកិច្ចបានជូនលុយមួយចំនួនអោយបុរសខាងលើដេីម្បីទិញថ្នាំលាបរបួសជេីងកូនប្រុសផងដែរ។
បន្ទាប់មកសមត្ថកិច្ចបានធ្វើការទាក់ទងទៅរកសាច់ញាតិដើម្បីមកទទួលបុរសរូបនេះជាមួយនឹងកូនប្រុសអាយុ 3 ឆ្នាំនេះដើម្បីយកត្រឡប់ទៅផ្ទះវិញ៕