2023-09-19 12:42
288

រតនគិរី៖     មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានធ្វើការផាកពិន័យម្ចាស់រថយន្តសណ្តោលរ៉ឺម៉ក ដឹកដំឡូងមី ០១គ្រឿង ជាង ២០០០ដុល្លារ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ដោយខ្លួនឯង ដោយរថយន្តខ្វះបច្ចេកទេសបណ្តាលឲ្យខួចខាតស្លាកសញ្ញាចរចរ និងដាច់កៅស៊ូទ្រូងផ្លូវជាតិលេខ៧៨ ផងដែរ។ 

មន្ត្រីនៃមន្ទីរសាធារណខេត្តរតនគិរិ បានឲ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះថា មានរថយន្ដ ០១គ្រឿង ម៉ាក HYUNDAI ០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1053 សណ្តោងស៊ឺមីរុឺម៉កពាក់ស្លាកលេខ កំពង់ចាម 4A-0088 បានដាច់កន្លឹះថ្ពក់ក្បាលរ៉ឺម៉កអូសជាច្រើនម៉ែត្រលើផ្លូវជាតិ ក្រឡាបុកស្លាកចរាចរ និងឆ្កូតទ្រូងផ្លូវបែកប្រវែង ៣ម៉ែត កំពប់ដំឡូងមីរាប់សិបតោនពេញដងផ្លូវ។
មន្ត្រីដដែលបានបន្តទៀតថា ករណីខាងលើនេះ បានកើតមានឡើង នៅវេលាម៉ោងជាង ៦ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៧៨ នៅចំណុច ចុះភ្នំយោល ចន្លោះបង្គោលគីឡូម៉ែត្រលេខ (១៣០-១៣១) ក្នុងភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ អ្នកបើកបររថយន្តងបង្កមានឈ្មោះ សៀ សុផល មានស្រុកកំណើខេត្ដកំពង់ចាម បានសុីឈ្នួលបើរថយន្ដដឹកដំឡូងមីឲ្យថៅកែឈ្មោះ ជា ទូច នៅស្រុកអូរយ៉ាដាវ។
  
លោក ឃឹម រមន្នី អនុប្រធានទទួលបន្ទុកស្ថានីយ៍ថ្លឹងរថយន្ដ នៃមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តរតនគិរី ប្រាប់ឲ្យដឹងថា ករណីរថយន្ដក្រឡាប់រថយន្តដឹកដំឡូងនេះ គឺបង្កឡើងដោយសារតៃកុងមានការធ្វេសប្រហែសមុនចេញដំណើរមិនបានត្រួតពិនិត្យដុំដែកទំពក់រុឺម៉កឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ព្រោះទំពក់សឹកនៅសល់តូចខុសលក្ខណៈស្តង់ដាបច្ចេកទេស ទើបបណ្ដាលឲ្យដាច់របូតចេញបង្កឲ្យមានគ្រោះថ្នាក់បែបនេះ ប៉ុន្តែសំណាងល្អមិនប៉ះពាល់ដល់អ្នកដទៃ។
    
បច្ចុប្បន្ន រថយន្តបង្កបានយកទៅរក្សាទុកនៅមន្ទីរសាធារណការ នុងដឹកជញ្ជូនខេត្ដរតនគិរី ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់ផ្លូវថ្នល់ គឺសំណងជាង ២ពាន់ដុល្លារ ដើម្បីជួសជុលទ្រូងផ្លូវ និងដំឡើងស្លាកសញ្ញាចរាចរដែលខូចខាត និងបែកឲ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសឡើងវិញ៕