ខេត្តកណ្ដាល៖ ករណីឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០និង០០នាទី នៅចំណុចកើតហេតុភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។នារីម្នាក់បានព្រមព្រៀងជាមួយក្រុមហ៊ុនទិញលក់ម៉ូតូ ដោយបានទិញម៉ូតូពីក្រុមហ៊ុនក្នុងលក្ខខណ្ឌបង់រំលស់រយៈពេលបីឆ្នាំ លុះបង់បានរយៈពេល៤ខែ នារីដែលជាភាគីអ្នកទិញ បានយកម៉ូតូនោះទៅលក់បាត់ ជាហេតុធ្វើឱ្យតំណាងក្រុមហ៊ុនដាក់ពាក្យបណ្ដឹងប្ដឹងទៅសមត្ថកិច្ចឱ្យឃាត់ខ្លួនភាគីដែលជាអ្នកទិញយកមកចាត់ការតាមនីតិវិធី ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ ពិសិដ្ឋ ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន។ជនសង្ស័យឈ្មោះ ជា ចរិយា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី០៦ ខែមេសាឆ្នាំ២០២៣ វេលាម៉ោង១០និង០០នាទី ជនសង្ស័យឈ្មោះ ជា ចរិយា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បានមកទិញម៉ូតូម៉ាកហុងដាBEAT ពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខកណ្តាល-1AR-1158 នៅក្រុមហ៊ុនHDសាខាព្រែកព្នៅ រជធានីភ្នំពេញ ក្នុងតម្លៃ២៣០០ដុល្លារ ដោយបង់រំលស់រយៈពេល៣ឆ្នាំ បង់ក្នុងមួយខែ៩០ដុល្លារ។ ក្រោយមកជនសង្ស័យបានបង់រំលស់អោយក្រុមហ៊ុនបានតែចំនួន៤ខែក៏ឈប់បង់ហើយយកម៉ូតូទៅលក់បាត់។លុះដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងក្រុមហ៊ុនក៏បានរកជនសង្ស័យឃើញរួចប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំអោយឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍តែម្តង។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគាត់ពិតជាបានមកបង់រំលស់ម៉ូតូម៉ាកHONDA BEATពណ៌សឆ្នាំ២០២២ ផ្លាកលេខ កណ្តាល 1-AR-1158 ក្នុងតំលៃ២៣០០ដុល្លារនៅក្រុមហ៊ុនHD រួចយកទៅលក់ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕