ពោធិ៍សាត់៖ នៅរសៀលថ្ងៃអង្គារ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរង ទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ និងចរាចរណ៍ បានប្រជុំផ្សព្វផ្សាយ ការងារបន្តអនុវត្តការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដល់កម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក និងជំនាញចរាចរណ៍ផ្លូវគោក តាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកផងដែរ។
លោកឧត្តមសេនីយ៍ត្រី នូវ តាល់ បានមានប្រសាសន៍ថា ដើម្បីឈានដល់ការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកនាពេលខាងមុខ ទទួលបានប្រសិទ្ធភាព កម្លាំងជំនាញត្រូវចុះធ្វើការអប់រំផ្សព្វផ្សាយ ចែកខិតប័ណ្ណ ព័ត៌មាន អំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យទទួលជ្រាប និងបង្កើនការយល់ដឹងចេះប្រើប្រាស់ផ្លូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីចូលកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ មកនូវកម្រិតទាបបំផុត។
លោកបន្តទៀតថា មន្ត្រីជំនាញត្រូវត្រួតពិនិត្យ និងធ្វើរបាយការណ៍ អំពីឧបករណ៍ប្រើប្រាស់ សម្រាប់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឧបករណ៍ត្រួតពិនិត្យជាតិអាកុល ត្រូវគ្រងឯកសណ្ឋានឲ្យបានត្រឹមត្រូវ សមរម្យជាមន្ត្រីនគរបាលជាតិ ប្រកបដោយវិជ្ជាជីវៈ ម៉ឹងម៉ាត់នឹងតួនាទី ភារកិច្ច និងសុភាពរាបសារ ចំពោះបងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោកស្នងការរង បានប្រគល់ជូនខិតប័ណ្ណព័ត៌មាន ជូនតាមបណ្តាអធិការដ្ឋាននគរបាលក្រុង.ស្រុក សម្រាប់យកទៅផ្សព្វផ្សាយ ចែកជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ ៕