2023-09-20 02:09
516

អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះថា «អ៊ុយក្រែននឹងទទួលបានរថក្រោះ ប្រភេទ M1 Abrams ក្នុងពេលឆាប់ៗនេះពីសហរដ្ឋអាមេរិក ដែលបានសន្យាកាលអំឡុងឆ្នាំ២០២២ កន្លងទៅ»។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP នៅព្រឹកថ្ងៃពុទ្ធនេះ។
ខណៈពេលនេះ កងកម្លាំងរបស់ទីក្រុង Kyiv ធ្វើឱ្យមានវឌ្ឍនភាពក្នុងការវាយលុកប្រឆាំងនឹងកងទ័ពឈ្លានពានរបស់ទីក្រុងម៉ូស្គូផងដែរ ដើម្បីការពារអធិបតេយ្យភាពដែនដីរបស់ខ្លួន។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ធ្លាប់បានសន្យាផ្តល់រថក្រោះដល់ទីក្រុង Kyiv នៅដើមឆ្នាំដែលជាផ្នែកនៃជំនួយសន្តិសុខ ជាង៤៣ពាន់លានដុល្លារ ដែលអាមេរិកបានសន្យាចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពានមកលើប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក។

លោក Austin បាននិយាយនៅក្នុងពិធីបើកក្រុមហ៊ុនទំនាក់ទំនងការពារជាតិអ៊ុយក្រែន នៅប្រទេសអាល្លឺម៉ង់ថា «ខ្ញុំ...រថក្រោះទាំងនោះនឹងត្រូវបានផ្គូរផ្គងជាមួយនឹងបំពាក់អាវុធ M1 Abrams ប្រភេទ ១២០មីលីម៉ែត្រ អាចការបាញ់ទម្លុះពាសដែក»។ 

ពេលនេះអ៊ុយក្រែនកំពុងប្រយុទ្ធជាមួយទាហានរុស្ស៊ីក្នុងការវាយលុកយឺតៗដែលខ្លួនបានចាប់ផ្តើមកាលពីខែមិថុនា ដែលបានឈានដល់ការការពារយ៉ាងខ្លាំង៕

លោក Austin បាននិយាយថា «ការវាយលុកប្រឆាំងនឹងបន្តធ្វើឲ្យមានការរីកចម្រើនទៅមុខជាលំដាប់ហើយទាហានអ៊ុយក្រែនក្លាហានកំពុងទម្លុះខ្សែការពារដ៏រឹងមាំនៃកងទ័ពឈ្លានពានរុស្ស៊ី»។

ប្រមុខការពារជាតិអាមេរិក ក៏បានស្វាគមន៍ រដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែនថ្មី Rustem Umerov ដែលត្រូវបានតែងតាំងកាលពីដើមខែនេះ ក្នុងការផ្លាស់ប្តូរដ៏សំខាន់សម្រាប់ទីក្រុង Kyiv បន្ទាប់ពីរឿងអាស្រូវពុករលួយនៅក្រសួងមួយនេះផងដែរ៕